បរទេស៖ ការកាត់បន្ថយភ្លាមៗនៃថ្លៃជិះរថភ្លើងនៅលើខ្សែដែលបានជ្រើសរើសត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីថៃ។
យោងតាមនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងថា ការកាត់បន្ថយថ្លៃសំបុត្រជិះរថភ្លើងមកនៅត្រឹមចំនួន ២០បាតនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៦ ខែតុលា សម្រាប់ខ្សែរថភ្លើងពណ៌ស្វាយ ពីស្ថានីយ៍ក្លងបាងផៃទៅដល់ស្ថានីយ៍តៅពូន និងរថភ្លើងខ្សែក្រហម ពីស្ថានីយ៍បាងស៊ូទៅដល់ស្ថានីយ៍រ៉ាងស៊ីត។
លោក ម៉ាណាផន ចារើនស្រ៊ី អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃបាននិយាយថា វិធានការកាត់បន្ថយថ្លៃសំបុត្រធ្វើដំណើរតាមរថភ្លើងនេះ ធ្វើឡើងស្របតាមការសន្យាដែលធ្វើឡើងដោយគណបក្សភឿថៃក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់ខ្លួន។ ដើម្បីអនុវត្តការបញ្ចុះតម្លៃនេះ រដ្ឋាភិបាលនឹងឧបត្ថម្ភធនដល់ផ្លូវដែករដ្ឋថៃប្រមាណ ១៣០លានបាតក្នុងមួយឆ្នាំ។
លើសពីនេះទៀត ក្រសួងដឹកជញ្ជូនបានស្នើឡើងនូវគម្រោងផ្លូវរថភ្លើងពីរគន្លងដំណាក់កាលទីពីរ រវាងខេត្តខនកែន និងខេត្តណងខៃ។ ខ្សែរថភ្លើងថ្មីនេះត្រូវបានគេរំពឹងថានឹងពង្រឹងផ្លូវពាណិជ្ជកម្មពីប្រទេសថៃទៅឡាវ និងចិន ខណៈដែលនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន។
នៅពេលមុននេះ លោក ស៊ូរីយ៉ា ជុងរុងរាងគីត រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានចូលរួមពិធីសម្ពោធយុទ្ធនាការកាត់បន្ថយថ្លៃសំបុត្រធ្វើដំណើរនៅស្ថានីយ៍ជម្ឈមណ្ឌលអភិវឌ្ឍក្រុងថេបក្នុងទីក្រុងបាងកក ដែលត្រូវបានអមដំណើរដោយលោក ភួងផេត ជុនឡាអ៊ែត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។
លោករដ្ឋមន្រ្តី ស៊ូរីយ៉ា បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការផ្តួចផ្តើមនេះ អ្នកដំណើរដែលប្រើប្រាស់សេវាកម្មរថភ្លើងផ្លាស់ប្តូរខ្សែផ្សេងគ្នានឹងត្រូវបង់ថ្លៃការជិះរថភ្លើងនោះជាពីរដាច់ដោយឡែកពីគ្នាក្នុងតម្លៃ ២០បាតម្តង ដោយសារតែប្រព័ន្ធទូទាត់មិនទាន់ត្រូវបានធ្វើរួចរាល់។ យោងតាមទិន្នន័យបានបង្ហាញឱ្យដឹងថា មានតែអ្នកដំណើរ ៣០០នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកដំណើរចំនួន ១០០.០០០នាក់ជារៀងរាល់ថ្ងៃ ដែលធ្វើដំណើរឆ្លងកាត់ផ្លាស់ប្តូរខ្សែរថភ្លើង។ កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តនេះត្រូវបានធ្វើឡើងដើម្បីសម្របសម្រួលប្រព័ន្ធទូទាត់ ដោយរំពឹងថានឹងបញ្ចប់រួចរាល់នៅថ្ងៃទី១ ខែវិច្ឆិកា ដោយអ្នកដំណើរនឹងអាចប្តូរខ្សែរថភ្លើងបាន ខណៈដែលបង់ថ្លៃសំបុត្រថ្លៃជិះត្រឹមតែ ២០បាតប៉ុណ្ណោះ។
វាត្រូវបានគេព្យាករដោយការជឿទុកចិត្តថា គោលនយោបាយតម្លៃសំបុត្ររថភ្លើងចំនួន ២០បាតនេះ នឹងនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់សេវារថភ្លើង៕
ប្រភព៖ AKP