រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកទឹកចិត្តឱ្យភាគីមិត្តចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសុខាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពដែកថែប

0

ចិន៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍លើក ទឹកចិត្តឱ្យ ភាគីមិត្តចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសុខាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីរួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ឯកឧត្តមសាស្ត្រាចារ្យមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Guang’ anmen នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូ ពិនិត្យការផ្តល់សេវានៅផ្នែកក្រពេញអង់ដូគ្រីន និងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យនោះ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Liu Zhen នាយកមន្ទីរពេទ្យ Guang’ anmen បានទទួលស្វាគមន៍ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងគណៈប្រតិភូ យ៉ាងកក់ក្ដៅ និងបានគូសបញ្ជាក់ថា មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យនៃវេជ្ជសាស្ត្របុរាណចិន (TCM) និងជាវិទ្យាស្ថាន វេជ្ជសាស្ត្រលំដាប់ទីពីរនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន (CACMS) ស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលជាតិវេជ្ជសាស្រ្ត បុរាណចិន (NATCM) ដោយផ្ទាល់។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា មន្ទីរពេទ្យនេះជាមន្ទីរពេទ្យរដ្ឋដែលមានបេសកកម្មផ្តល់ការថែទាំ សុខភាព ជាមន្ទីរពេទ្យគំរូ និងជាមជ្ឈមណ្ឌលវេជ្ជសាស្ត្របុរាណចិន សម្រាប់ជំងឺមហារីក និងទឹកនោមផ្អែម។ មន្ទីរពេទ្យនេះបាន ផ្តល់ការថែទាំវេជ្ជសាស្រ្ត និងការបង្ការ សម្រាប់អ្នកជំងឺ ការបណ្តុះបណ្តាលសម្រាប់អ្នកជំនាញសុខភាព និងធ្វើការស្រាវជ្រាវសម្រាប់ ការថែទាំកាន់តែប្រសើរឡើងដល់អ្នកជំងឺរបស់ខ្លួន៕

ប្រភព៖ AKP