បរទេស៖ ឧបនាយករដ្ឋមន្ត្រីគុយបា លោក រីកាដូ កាប្រ៊ីសាស បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលដែលលោកនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។
ឯកអគ្គរដ្ឋទូតគុយបា លោក អាល់បឺតតូ ប្លង់កូ បានសរសេរនៅលើគណនីបណ្តាញសង្គមអ៊ិចរបស់លោក (ពីមុនជាបណ្តាញសង្គមធ្វីតធើរ) ថា លោក កាប្រ៊ីសាស នឹងមានរបៀបវារៈដ៏មមាញឹកជាមួយស្ថាប័នរដ្ឋាភិបាល និងវិស័យធុរកិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសគុយបា បានឱ្យដឹងថា គណៈកម្មាការនោះនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិនិត្យមើល និងរៀបចំផែនការបញ្ហាសំខាន់ៗដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំងបញ្ហាពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ-បច្ចេកទេស និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
លើសពីនេះទៀត កិច្ចប្រជុំនោះនឹងស្វែងរកការធ្វើឱ្យមានការវិវឌ្ឍក្នុងការអនុវត្តការឯកភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាហ្ស កានែល ទៅកាន់ប្រទេសចិនកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
កាលពីថ្ងៃអង្គារ របៀបវារៈរបស់លោក កាប្រ៊ីសាស គឺការទៅទស្សនកិច្ចគម្រោង Biotech Pharmaceutical Limited (PBL) នៃការបណ្តាក់ទុនរួមគ្នា ដែលត្រូវបានរាយការណ៍អំពីលទ្ធផលសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការជីវបច្ចេកវិទ្យា។
តាមពិតទៅ សមិទ្ធិផលសំខាន់មួយរបស់វា គឺការចេញថ្មីរបស់ Nimotuzumab ដែលជាអង់ទីករម៉ូណូក្លូណាល់ ដើម្បីព្យាបាលជំងឺមហារីកលំពែង។
លោក កាប្រ៊ីសាស ក៏នឹងជួបជាមួយសមាជិកនៃបេសកកម្មការទូតគុយបាប្រចាំនៅទីក្រុងប៉េកាំងផងដែរ៕
ប្រភព៖ AKP