បរទេស៖ ប្រធានាធិបតីអាហ្សង់ទីន លោក អាល់បើតូ ហ្វើណាន់ដេហ្ស បាននិយាយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងសៀងហៃកាលពីពេលថ្មីៗនេះថា ប្រទេសចិន គឺជាប្រទេសមួយនៅដាច់ស្រយាលទៅតាមភូមិសាស្ត្រដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសអាហ្សង់ទីន។
ប្រធានាធិបតីអាហ្សង់ទីនបានទៅដល់ទីក្រុងសៀងហៃកាលពីថ្ងៃទី១៤ ខែតុលា ហើយបានចាកចេញពីទីក្រុងនេះកាលពីថ្ងៃអង្គារ ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលធ្វើឡើងនៅទីក្រុងប៉េកាំង។
លោក ហ្វើណាន់ដេហ្ស បានកត់សម្គាល់ថា ប្រទេសអាហ្សង់ទីន និងចិន តែងតែចែករំលែកទស្សនៈរួមក្នុងវិស័យជាច្រើន ហើយប្រទេសទាំងពីរអាចធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងការអភិវឌ្ឍទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ។ ដោយផ្អែកលើជំនឿនេះ អាហ្សង់ទីនបានចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
នៅពេលទៅជួបពិភាក្សាជាមួយបណ្តាក្រុមហ៊ុនចិនដែលបានវិនិយោគនៅប្រទេសអាហ្សង់ទីន លោក ហ្វើណាន់ដេហ្ស បាននិយាយថា ប្រទេសអាហ្សង់ទីនសម្បូរទៅដោយធនធានលីចូម និងទង់ដែង ហើយជាបរិយាកាសដ៏ល្អសម្រាប់ការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មី។ ជាការពិតណាស់ មានក្រុមហ៊ុនចិនរួចហើយដែលកំពុងអភិវឌ្ឍធនធានលីចូមបែបនេះនៅក្នុងប្រទេសអាហ្សង់ទីន។
លោក ហ្វើណាន់ដេហ្ស បាននិយាយថា ប្រទេសចិនបានក្លាយទៅជាគោលដៅទេសចរណ៍មួយជាទីពេញចិត្តបំផុតសម្រាប់ប្រជាជនអាហ្សង់ទីន ហើយម្ហូបអាហារចិនទទួលបានប្រជាប្រិយភាពនៅទីនោះ។ រូបថតនៃកន្លែងសំខាន់ៗក្នុងទីក្រុងសៀងហៃអាចត្រូវបានមើលឃើញជាញឹកញាប់នៅក្នុងប្រទេសអាហ្សង់ទីន។
លោកបាននិយាយបន្ថែមថា មានកិច្ចការងារជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាហ្សង់ទីន និងចិនទៅលើគ្រប់វិស័យ៕
ប្រភព៖ AKP