បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មានបំណងធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគីរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ក៏ដូចជាបញ្ហាផ្សេងទៀត។
នៅពេលដែលត្រូវបានសួរថា តើលោក ស៊ី និងលោក ពូទីន នឹងពិភាក្សាគ្នាអំពីបញ្ហារបស់អ៊ុយក្រែន និងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែរឬទេនោះ លោកស្រី ម៉ៅ នីង បាននិយាយថា «ប្រមុខរដ្ឋទាំងពីរនឹងជួបប្រជុំគ្នាដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងហ្មត់ចត់ទៅលើទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក»។
នៅថ្ងៃទី១៧ ខែតុលា លោក ពូទីន បានទៅដល់ប្រទេសចិនតាមការអញ្ជើញរបស់លោក ស៊ី សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ីចូលរួមពិធីស្វាគមន៍ជាផ្លូវការសម្រាប់ប្រមុខគណៈប្រតិភូទៅកាន់វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងត្រូវដឹកនាំដោយលោក ស៊ី និងភរិយារបស់លោក គឺលោកស្រី ប៉េង លីយូន។ ព្រឹត្តិការណ៍សំខាន់ៗរបស់វេទិកានោះនឹងប្រារព្ធឡើងនៅមហាសាលប្រជាជននៅទីលានធានអានមេននៅថ្ងៃទី១៨ ខែតុលានេះ។ លោក ពូទីន នឹងចូលរួមក្នុងពិធីបើកវេទិកានោះ។ នៅថ្ងៃពុធនេះ កិច្ចចរចារវាងរុស្ស៊ី-ចិននឹងប្រព្រឹត្តទៅ បន្ទាប់ពីនោះ លោក ពូទីន នឹងបន្តកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់នៅក្រៅវេទិកាខ្សែក្រវាត់ និងផ្លូវ៕
ប្រភព៖ AKP