បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ាត្រូវតែជៀសវាងគ្រប់មធ្យោបាយ។ ជាពិសេស លោកបានព្រមានដល់ក្រុមហេបូឡារបស់លីបង់ និងអ៊ីរ៉ង់ កុំឱ្យមានការពាក់ព័ន្ធ។
លោក ស្កូលហ្ស៍ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយព្រះអង្គម្ចាស់ អាប់ឌុលឡាហ៍ ទីពីរ នៃប្រទេសហ្ស៊កដានីថា «ខ្ញុំបានព្រមានយ៉ាងខ្លាំងម្តងទៀតដល់ក្រុមហេបូឡា និងអ៊ីរ៉ង់ ប្រឆាំងទៅនឹងការចូលរួមក្នុងជម្លោះនេះ»។
លោក ស្កូលហ្ស៍ បាននិយាយបន្ថែមថា «រួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង យើងកំពុងខិតខំប្រឹងប្រែងដើម្បីធានាថា មិនគួរមានការកើនឡើងបន្ថែមទៀតនោះទេ»។
លោកត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនមកពីចលនាហាម៉ាស់បានវាយប្រហារទៅលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប។ ក្រុមហាម៉ាស់បានពណ៌នាការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅទីក្រុងហ្សេរុយសាឡឹម។ អ៊ីស្រាអែលបានប្រកាសបិទតំបន់ហ្គាហ្សាទាំងស្រុង ហើយបានធ្វើការវាយប្រហារទៅលើគោលដៅសំខាន់ៗនៅក្នុងប្រទេសលីបង់ និងស៊ីរី។ អរិភាពក៏បានផ្ទុះឡើងនៅតំបន់វេសប៊ែង៕
ប្រភព៖ AKP