សហភាពអឺរ៉ុបបង្កើតសត្រូវកាន់តែច្រើននៅជុំវិញពិភពលោកជាមួយនឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី

0

បរទេស៖ លោក ធែរី ម៉ារៀនី សមាជិកជនជាតិបារាំងនៃសភាអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារថា រឿងតែមួយគត់ដែលទីក្រុងប្រ៊ុចសែលសម្រេចបានតាមរយៈការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី គឺធ្វើឱ្យមានសត្រូវកាន់តែច្រើនសម្រាប់សហភាពអឺរ៉ុបនៅទូទាំងពិភពលោក ដែលជានិន្នាការដែលទំនងជានឹងនៅតែបន្ត។

លោកបាននិយាយនៅក្នុងសវនាការរបស់សភាអឺរ៉ុប ស្តីពីទណ្ឌកម្មប្រឆាំងរុស្ស៊ីថា «អនុញ្ញាតឱ្យយើងរំលឹកឡើងវិញនូវខែដំបូងនៃសង្រ្គាមនៅអ៊ុយក្រែន។ បណ្តារដ្ឋមន្ត្រីនៃរដ្ឋាភិបាលរបស់លោក ម៉ាក្រុន និងបណ្តាមន្រ្តីនៃគណៈកម្មការអឺរ៉ុប បានពន្យល់យើងថា ការដាក់ទណ្ឌកម្មរបស់ពួកគេនឹងធ្វើឱ្យរុស្ស៊ីលុតជង្គង់។ ពួកគេបានសន្យាថានឹងបញ្ជូនប្រទេសរុស្ស៊ីត្រឡប់ទៅកាន់យុគសម័យថ្មវិញ ប៉ុន្តែតាមការពិត វាគឺជាគ្រួសាររបស់យើងវិញទេដែលកំពុងទទួលរងពីអតិផរណាដ៏សាហាវ និងការកើនឡើងដ៏ធំនៃតម្លៃថាមពល។ សហភាពអឺរ៉ុបកំពុងធ្វើការងារទៅលើកញ្ចប់ទី១២ នៃការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី នៅពេលដែលបញ្ជីខ្មៅរបស់ពួកគេមានឈ្មោះបុគ្គលចំនួន ១.៨០០នាក់រួចហើយ»។

យោងតាមលោក ម៉ារៀនី បានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបានត្រឹមតែធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកខាងត្បូងប៉ុណ្ណោះ។

លោក​បាននិយាយ​ដោយ​ធ្វើ​អត្ថាធិប្បាយទៅ​លើ​ការ​ចោទ​ប្រកាន់​របស់​ស្នងការ​អឺរ៉ុប​សម្រាប់កិច្ចការ​យុត្តិធម៌ លោក ឌីឌែរ រ៉េយដឺស៍ ដែល​ថា​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​កំពុង​ដំណើរការថា «ឥឡូវនេះ អ្នកស្នើឱ្យចាត់វិធានការប្រឆាំងនឹងអ្នកដែលកំពុងឆ្លងកាត់ការដាក់ទណ្ឌកម្ម បើទោះបីជាការពិតដែលថាពីមួយខែទៅមួយខែយើងបានទិញឥន្ធនៈរាប់ពាន់លានដុល្លារអាម៉េរិកពីប្រទេសរុស្ស៊ី (តាមរយៈប្រទេសទីបី)។ និយាយមួយម៉ាត់ រឿងតែមួយគត់ដែលសហភាពអឺរ៉ុបអាចសម្រេចបានក្នុងអំឡុងពេលនៃវិបត្តិនេះ គឺធ្វើឱ្យមានសត្រូវកាន់តែច្រើន ហើយនិន្នាការនេះនឹងនៅតែបន្តទៅមុខទៀត»៕

ប្រភព៖ AKP