បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រកាសថា ប្រទេសថៃនឹងបន្តការស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ីពីចំនួន ៣០ថ្ងៃ ទៅដល់ ៩០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ លោក សេដ្ឋា បានមានប្រសាសន៍ថា ការពន្យារទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ីនេះនឹងជួយជំរុញវិស័យទេសចរណ៍របស់ប្រទេសថៃ។
លោកបាននិយាយថា ពេលវេលាសម្រាប់ការអនុវត្តគោលនយោបាយនេះ គឺសមរម្យសម្រាប់ភ្ញៀវទេសចររុស្ស៊ីដើម្បីគេចចេញពីរដូវរងាត្រជាក់នៅក្នុងប្រទេសពួកគេ ដែលជាធម្មតាចាប់ផ្តើមនៅក្នុងខែធ្នូ និងមានរយៈពេលរហូតដល់ខែមីនា។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ២០លាននាក់ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៣ ដែលនៅក្នុងនោះ ភ្ញៀវទេសចររុស្ស៊ីជាប់ចំណាត់ថ្នាក់ទី៥ ដែលមានភ្ញៀវទេសចរប្រមាណជិត ៩៩៥.០០០នាក់។ ម៉ាឡេស៊ីមានចំនួនភ្ញៀវទេសចរច្រើនជាងគេដែលទៅកាន់ប្រទេសថៃ ដោយមានចំនួន ៣,២លាននាក់ និងបន្ទាប់មក គឺប្រទេសចិន (២,៥លាននាក់) កូរ៉េខាងត្បូង (១,១៩លាននាក់) និងឥណ្ឌា (១,១៦លាននាក់)។
កាលពីមុន ប្រទេសថៃបានផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤៕
ប្រភព៖ AKP