បរទេស៖ ប្រទេសឥណ្ឌូណេស៊ីត្រូវការទំនប់ទឹកចំនួន៣០០ បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដោយសារតែផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមក្រសួងសាធារណការ និងលំនៅដ្ឋានសាធារណៈ (PUPR) របស់ប្រទេសឥណ្ឌូណេស៊ី។
ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសឥណ្ឌូណេស៊ីបានសាងសង់ទំនប់ទឹកយ៉ាងហោចណាស់ចំនួន៦០ ដើម្បីសម្រេចបាននូវសន្តិសុខទឹកពេញលេញ។
អ្នកនាំពាក្យក្រសួង PUPR លោក អេនដ្រាស់ អេស.អាតម៉ាវីដចាចា បាននិយាយថា ចំនួនទំនប់ទឹកបន្ថែមនេះ គឺផ្អែកទៅលើការគណនាដែនកំណត់សុវត្ថិភាព ដើម្បីដោះស្រាយវិបត្តិទឹកក្នុងស្រុកដែលកំពុងបន្តកើតមាន។
យោងតាមលោក អាតម៉ាវីដចាចា បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុអ៊ែលនីណូនៅមហាសមុទ្រប៉ាស៊ីហ្វិក បណ្តាលឱ្យតំបន់ភាគច្រើនក្នុងប្រទេសឥណ្ឌូណេស៊ីជួបប្រទះនឹងគ្រោះរាំងស្ងួតយូរជាងមុន និងធ្ងន់ធ្ងរជាងមុន ដែលជះឥទ្ធិពលដល់សន្តិសុខស្បៀងអាហារ ដូច្នេះវិធានការប្រុងប្រយ័ត្នចាំបាច់នានាត្រូវតែត្រូវបានអនុវត្ត។
យោងតាមរូបលោកបានឱ្យដឹងថា ទំនប់វារីអគ្គិសនីកាន់តែច្រើន នឹងធ្វើឱ្យសមត្ថភាពស្តុកទឹករបស់ប្រទេសមួយនេះកាន់តែប្រសើរ និងប្រើប្រាស់វាសម្រាប់ស្រោចស្រពដីកសិកម្មក្នុងរដូវប្រាំង។
លោក អាតម៉ាវីដចាចា បានបញ្ជាក់ថា ភាគីរបស់លោកនឹងពន្លឿនការសាងសង់ទំនប់ទឹកសំខាន់ៗជាច្រើន ដោយពិចារណាទៅលើរដូវប្រាំងដែលមានរយៈពេលវែងរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបង្កឱ្យមានវិបត្តិទឹកនៅក្នុងតំបន់មួយចំនួន។
ទន្ទឹមនឹងនេះដែរ ក្រសួង PUPR បានបម្រុងថវិកាចំនួន ២១,៥ទ្រីលានរូពៀ (១,៣៧ប៊ីលានដុល្លារអាម៉េរិក) ដើម្បីបញ្ចប់ការសាងសង់ទំនប់ទឹកសំខាន់ៗចំនួន១៥ នៅក្នុងឆ្នាំ២០២៤៕
ប្រភព៖ AKP