បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ីយ៍ អាហ៍ម៉េដ កាលពីថ្ងៃចន្ទ ដែលលោកកំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំងដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន។
លោក លី បាននិយាយថា ទំនាក់ទំនងរវាងចិន-អេត្យូពីបានអភិវឌ្ឍន៍ក្នុងកម្រិតកំពូលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការជឿជាក់គ្នាទៅវិញទៅមកផ្នែកនយោបាយយ៉ាងស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកប្រកបដោយផ្លែផ្កា ដោយបានកត់សម្គាល់ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការងារជាមួយប្រទេសអេត្យូពី ដើម្បីគាំទ្រយ៉ាងរឹងមាំពីគ្នាទៅវិញទៅមកក្នុងការរក្សាស្ថិរភាពក្នុងស្រុក និងការសម្រេចបាននូវការអភិវឌ្ឍ និងការរស់ឡើងវិញ។
លោកនាយករដ្ឋមន្ត្រីរូបនោះបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអេត្យូពីសម្រាប់វឌ្ឍនភាពដ៏រឹងមាំក្នុងវិស័យផ្សេងៗ និងពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អេត្យូពី ដើម្បីដើរតួនាទីគំរូក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងចិន-អាហ្វ្រិក និងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។
លោក អាហ៍ម៉េដ បាននិយាយថា ប្រទេសអេត្យូពីមានឆន្ទៈក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រៀនពីបទពិសោធន៍នៃការអភិវឌ្ឍរបស់ប្រទេសចិន និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ទៅវិញទៅមកក្នុងវិស័យឧស្សាហកម្ម កសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត។
បន្ទាប់ពីកិច្ចពិភាក្សានោះ លោក លី និងលោក អាម៉េដ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល កសិកម្ម វប្បធម៌ សុខភាព សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង និងការសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង៕
ប្រភព៖ AKP