ពិធីប្រគល់ជំនួយគ្រោះរញ្ជួយដីលើកទី១ របស់ចិនសម្រាប់អាហ្វហ្គានីស្ថានធ្វើឡើងនៅទីក្រុងកាប៊ុល

0

បរទេស៖ ពិធីប្រគល់សម្ភារៈជំនួយសង្គ្រោះគ្រោះរញ្ជួយដីលើកទីមួយរបស់ចិនសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន បានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន។

ក្នុងពិធីនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក ហ្សៅ ស៊ីង បានចុះហត្ថលេខាលើវិញ្ញាបនបត្រប្រគល់សម្ភារៈផ្គត់ផ្គង់ពីរដ្ឋាភិបាលចិន និងសមាគមកាកបាទក្រហមចិន ជាមួយ លោក ម៉ូហាមម៉ាដ អាបាស អាគុនដ៍ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកជាអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន និងលោក អាប់ឌុល ឡាទីហ្វ សាប៊ីត អនុប្រធានសមាគមអឌ្ឍចន្ទក្រហមអាហ្វហ្គានីស្ថាន។

លោក ហ្សៅ បាននិយាយថា ដើម្បីជួយដល់ប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដីនៃប្រទេសអាហ្វហ្គានីស្ថានពីការលំបាកនានា រដ្ឋាភិបាលចិនបានសម្រេចផ្តល់សម្ភារៈជំនួយដល់ប្រទេសនេះ។ នេះជាការឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវមនោសញ្ចេតនាមិត្តភាពរបស់ប្រជាជនចិនចំពោះប្រជាជនអាហ្វហ្គានីស្ថាន។

លោក អាគុនដ៍ បាននិយាយថា អាជ្ញាធរអាហ្វហ្គានីស្ថានដែលពាក់ព័ន្ធកំពុងអនុវត្តការងារសង្គ្រោះបន្ទាន់ និងការកសាងឡើងវិញនៅក្នុងខេត្តហេរ៉ាត់ ដោយបានចែកចាយសម្ភារៈសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងសាងសង់ទីជម្រកបណ្តោះអាសន្ន។

លោក សាប៊ីត បានណែនាំពីស្ថានភាពនៅក្នុងខេត្តហេរ៉ាត់ភាគខាងលិចចាប់តាំងពីមានការរញ្ជួយដីមក ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីរបស់សមាគមអឌ្ឍចន្ទក្រហមអាហ្វហ្គានីស្ថាន និងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលចិន សមាគមកាកបាទក្រហមនៃប្រទេសចិន និងប្រជាជនចិនសម្រាប់ជំនួយដ៍សំខាន់ និងមានតម្លៃរបស់ពួកគេក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន៕

ប្រភព៖ AKP