រុស្ស៊ី និងអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងយុគសម័យឌីជីថល

0

បរទេស៖ មជ្ឈមណ្ឌលអាស៊ាននៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ បានរៀបចំសន្និសីទអន្តរជាតិមួយក្រោមប្រធានបទ «រុស្ស៊ី និងអាស៊ានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៖ ថាមវន្តនៃកិច្ចសហប្រតិបត្តិការ ដំណើរការក្នុងតំបន់ និងបរិបទសកលលោក» ចាប់ពីថ្ងៃទី១២-១៤ ខែតុលា។

នៅឆ្នាំនេះ សន្និសីទនេះ គឺដើម្បីរំលឹកដល់ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-រុស្ស៊ី ដោយពិភាក្សាទៅលើប្រធានបទមួយចំនួន ដូចជាការបញ្ហាប្រឈមថ្មីៗ និងស្ថានភាពបច្ចុប្បន្ននៃបណ្តាប្រទេសនៅអាស៊ាន កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-អាស៊ានក្នុងយុគសម័យឌីជីថល លទ្ធផលនយោបាយ និងសេដ្ឋកិច្ចនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និន្នាការក្នុងតំបន់ទំនើប និងទំនាក់ទំនងរវាងរុស្ស៊ី-អាស៊ាននាពេលបច្ចុប្បន្ន។

ថ្លែងមតិនៅក្នុងពិធីបើកសន្និសីទនោះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អេនដ្រេយ រូដេនកូ បានអះអាងថា សម្រាប់រុស្ស៊ី ទំនាក់ទំនងជាមួយអាស៊ានតែងតែជាអាទិភាពនៃគោលនយោបាយការបរទេស ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុង «គោលគំនិតនៃគោលនយោបាយការបរទេស» របស់រុស្ស៊ីដែលបានធ្វើបច្ចុប្បន្នភាពកាលពីពេលថ្មីៗនេះ។

ក្រុមអ្នកជំនាញ និងអ្នកប្រាជ្ញជាង ៩០នាក់មកពីប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅអាស៊ាន បានចូលរួមក្នុងកិច្ចពិភាក្សាជាក្រុមដែលមានចំនួន១៤ នៅក្នុងសន្និសីទនោះ។

អ្នកប្រាជ្ញ ង៉ូ ឌីឡាន មកពីវិទ្យាស្ថានសិក្សាគោលនយោបាយការបរទេស និងយុទ្ធសាស្ត្រ បណ្ឌិតសភាការទូតវៀតណាម បាននិយាយនៅក្នុងសុន្ទរកថារបស់លោកដែលមានចំណងជើងថា «យុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលរបស់វៀតណាម» ថា ប្រទេសវៀតណាមមានបំណងធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័សដើម្បីទទួលបានការប្រកួតប្រជែងជាសកល និងជម្នះបញ្ហាប្រឈមនានា ដែលរួមមានទាំងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ខណៈដែលធានាបាននូវយុត្តិធម៌សង្គម។ ប្រទេសវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យផ្លាស់ប្តូរឌីជីថល សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងពហុវិស័យ និងអន្តរជាតិ ដើម្បីពន្លឿនល្បឿននៃការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងទិដ្ឋភាពជាច្រើននៅក្នុងសង្គម។

ទាក់ទិននឹងទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-អាស៊ានក្នុងវិស័យខាងលើ លោក ឡាន បាននិយាយថា អាស៊ានរួមទាំងប្រទេសវៀតណាម បានកំណត់ការបំប្លែងឌីជីថលដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាអាទិភាពខ្ពស់។ លោកបាននិយាយថា និន្នាការនេះបានបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសរុស្ស៊ីដែលមានប្រវត្តិសាស្ត្រយូរអង្វែងនៃការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជ្រៀតចូលទៅក្នុងទីផ្សារអាស៊ាន៕

ប្រភព៖ AKP