សេដ្ឋកិច្ច​ម៉ាឡេស៊ី និង​ថៃកំពុង​រង​គ្រោះ​ដោយសារតម្លៃ​រូបិយប័ណ្ណ​ធ្លាក់ចុះ

0

បរទេស៖ រូបិយប័ណ្ណនៃបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កំពុងជួញដូរនៅជិតកម្រិតទាបរបស់ពួកគេសម្រាប់ឆ្នាំនេះបើធៀបនឹងការកើនឡើងនៃប្រាក់ដុល្លារអាម៉េរិក ដោយនៅក្នុងនោះ រូបិយប័ណ្ណរីងហ្គីតរបស់ម៉ាឡេស៊ី និងរូបិយប័ណ្ណបាតរបស់ប្រទេសថៃកំពុងនាំមុខគេក្នុងការធ្លាក់ចុះ ដោយសាររដ្ឋាភិបាល និងក្រុមហ៊ុនធុរកិច្ចក្នុងតំបន់មានការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចនៃការធ្លាក់ថ្លៃរូបិយប័ណ្ណទាំងនោះ។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia។

រូបិយប័ណ្ណ​ដែល​ធ្លាក់ចុះ​កំពុង​នាំ​មក​នូវ​តម្លៃ​នាំ​ចូល​កាន់​តែ​ខ្ពស់។ ម៉្យាងវិញទៀត អ្នកនាំចេញក្នុងតំបន់កំពុងតស៊ូដើម្បីទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះនេះ ដោយសារភាពមិនប្រាកដប្រជាបានកើតមាននៅក្នុងទីផ្សារធំៗ ជាពិសេសទីផ្សាររបស់ប្រទេសចិន។

ខណៈដែលរូបិយប័ណ្ណមានភាពទន់ខ្សោយ ជាទូទៅផ្តល់ផលប្រយោជន៍ដល់អ្នកនាំចេញ និងទេសចរណ៍ ហានិភ័យនៃការធ្លាក់ចុះជានិរន្តរភាពដែលបង្កឱ្យមានលំហូរចេញមូលធន។ ការកើនឡើងតម្លៃប្រេងកាលពីពេលថ្មីៗនេះ ក៏បានបង្កើនការភ័យខ្លាចនៃអតិផរណាលឿនជាងមុនផងដែរ។

សារព័ត៌មាន Nikkei Asia បានដកស្រង់សម្តីអ្នកយុទ្ធសាស្រ្តទីផ្សារនៅក្នុងទីផ្សារ Saxo Markets ក្នុងប្រទេសសិង្ហបុរី Charu Chanana ថា ជាការរួមបញ្ចូលគ្នានៃប្រាក់ដុល្លារអាម៉េរិកកាន់តែខ្ពស់ សេដ្ឋកិច្ចចិនកាន់តែខ្សោយ និងតម្លៃប្រេងកាន់តែខ្ពស់នោះ បានក្លាយជាស្រាក្រឡុកដ៏គ្រោះថ្នាក់មួយសម្រាប់សេដ្ឋកិច្ចប្រទេសភាគច្រើននៅអាស៊ាន។

រូបិយប័ណ្ណរីងហ្គីតម៉ាឡេស៊ី និងរូបិយប័ណ្ណបាតថៃ គឺជាប្រាក់ដែលដំណើរការមិនល្អបំផុតនៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំនេះ បើធៀបទៅនឹងរូបិយប័ណ្ណដុល្លារអាម៉េរិក ដែលធ្លាក់ចុះ ៦,៩% និង ៤,៤% រៀងគ្នា គិតត្រឹមថ្ងៃទី១៣ ខែតុលា។ រូបិយប័ណ្ណដុងវៀតណាមធ្លាក់ចុះ ៣,៤% ខណៈដែលរូបិយប័ណ្ណរូពៀឥណ្ឌូណេស៊ី និងដុល្លារសិង្ហបុរី បានរក្សាការកើនឡើងយ៉ាង​ល្អ​ធៀបទៅ​នឹង​ការ​ធ្លាក់​ចុះ ២,១% និង ០,៧% រៀង​គ្នា។

ការ​ធ្លាក់​ចុះ​យ៉ាង​ទូលំទូលាយបាន​កើត​ឡើងដោយសារតែ​កំណើន​សេដ្ឋកិច្ច និង​ប្រាក់​ឈ្នួល​ដ៏​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ជំរុញ​ឱ្យ​ទិន្នផល​រតនាគារ និង​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលមានភាពធន់បាននាំឱ្យវិនិយោគិនមួយចំនួនសន្និដ្ឋានថា Federal Reserve នឹងរក្សាអត្រាការប្រាក់កាន់តែខ្ពស់ក្នុងរយៈពេលយូរ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា៕

ប្រភព៖ AKP