ទីភ្នាក់ងារ OCHA៖​ ប្រេង​ឥន្ធនៈបម្រុង​ទុក​នៅ​មន្ទីរពេទ្យនៃតំបន់​ហ្គាហ្សា​នឹងអស់ក្នុងរយៈពេល ២៤ម៉ោង

0

បរទេស៖ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីថ្ងៃអាទិត្យថា ទុនបម្រុងប្រេងឥន្ធនៈនៅក្នុងមន្ទីរពេទ្យនានានៃតំបន់ហ្គាហ្សាត្រូវបានគេរំពឹងថានឹងមានរយៈពេលត្រឹមតែ ២៤ម៉ោងទៀតប៉ុណ្ណោះ បន្ទាប់មកជីវិតរបស់អ្នកជំងឺរាប់ពាន់នាក់នឹងស្ថិតក្នុងហានិភ័យ។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបម្រុងទុកប្រេងឥន្ធនៈនៅមន្ទីរពេទ្យទាំងអស់នៅទូទាំងតំបន់ហ្គាហ្សា ត្រូវបានគេរំពឹងថានឹងមានរយៈពេលប្រហែលតែ ២៤ម៉ោងទៀតប៉ុណ្ណោះ។ ការបិទម៉ាស៊ីនភ្លើងបម្រុងទុកនឹងធ្វើឱ្យជីវិតអ្នកជំងឺរាប់ពាន់នាក់ប្រឈមនឹងហានិភ័យ»។

កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីព ដែលជំរុញឱ្យអ៊ីស្រាអែលប្រកាសស្ថានភាពនៃសង្រ្គាមនៅថ្ងៃបន្ទាប់ និងបើកការវាយប្រហារសងសឹកវិញ។ កាលពីថ្ងៃចន្ទ អ៊ីស្រាអែលបានបញ្ជាឱ្យបិទទាំងស្រុងនៃតំបន់ហ្គាហ្សាស្ទ្រីព ដែលមានប្រជាជនជាង ២លាននាក់រស់នៅ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អាហារ និងប្រេងឥន្ធនៈ៕

ប្រភព៖ AKP