បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង នឹងពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគីឱ្យបានពេញលេញនៅក្នុងកិច្ចពិភាក្សារបស់ពួកគេក្នុងទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ ក្នុងអំឡុងពេលនៃវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃចន្ទ។
លោក ឡាវរ៉ូវ បាននិយាយនៅក្នុងជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ថា «យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមកទីក្រុងប៉េកាំងម្តងទៀត ហើយនៅមុនថ្ងៃនៃការមកដល់របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មកកាន់ប្រទេសចិនដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីកិច្ចការទ្វេភាគីដែលកំពុងមានការកើនឡើង។ ជាដំបូង ខ្ញុំសូមរំលឹកម្តងទៀតនូវ ខួបលើកទី៧៤ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងនាពេលថ្មីៗនេះ។ ទាំងនេះ គឺជាទំនាក់ទំនងដែលកំពុងកើនឡើង ហើយប្រធានាធិបតីទាំងពីរនឹងពិភាក្សាគ្នាពេញលេញនៅពេលពួកគេជួបគ្នានៅថ្ងៃអង្គារ ឬថ្ងៃបន្ទាប់»។
វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលមេដឹកនាំរុស្ស៊ីគ្រោងនឹងធ្វើទស្សនកិច្ចនោះ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា។
យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន នឹងក្លាយជាភ្ញៀវដ៏សំខាន់របស់លោកប្រធានាធិបតី ស៊ី ហើយប្រមុខរដ្ឋរូបនេះនឹងស្វែងរកពេលវេលាសម្រាប់កិច្ចពិភាក្សាដោយសម្ងាត់ និងទល់មុខគ្នាដោយផ្ទាល់»៕
ប្រភព៖ AKP