បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃចន្ទ។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា «ចាប់ពីថ្ងៃទី១៨-១៩ ខែតុលា តបតាមការអញ្ជើញរបស់ក្រសួងការបរទេសកូរ៉េខាងជើង រដ្ឋមន្ត្រីក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងជើង»។
នៅពេលមុននេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានទៅបំពេញទស្សនកិច្ចនៅចុងបូព៌ារបស់ប្រទេសរុស្ស៊ី ដែលនៅទីនោះ លោកបានជួបពិភាក្សាជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅឯកំពង់ផែវ៉ូស្តុចនី និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ែរហ្គេយ សូហ្គូ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៩ មក៕
ប្រភព៖ AKP