ថៃពង្រឹងការត្រួតពិនិត្យស្តង់ដារផលិតផល ដើម្បីទប់ស្កាត់ការនាំចូលដែលមានតម្លៃថោក

0

បរទេស៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ក្រសួងឧស្សាហកម្មកំពុងត្រូវបានស្នើសុំឱ្យអនុញ្ញាតឱ្យបង្កើតអង្គភាពនិយតកម្មថ្មីមួយ ដើម្បីជួយត្រួតពិនិត្យស្តង់ដារផលិតផល ក្នុងគោលបំណងគ្រប់គ្រងលំហូរចូលនៃការនាំចូលពីប្រទេសចិនដែលមានតំលៃថោក។

សហព័ន្ធ FTI បាននិយាយបន្ថែមថា បេសកកម្មរបស់ទីភ្នាក់ងារថ្មីនេះ គឺដើម្បីជួយវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ (TISI) របស់ក្រសួងក្នុងការបញ្ជាក់អំពីគុណភាព និងសុវត្ថិភាពនៃទំនិញ។

យោងតាមសហព័ន្ធ FTI បានឱ្យដឹងថា វិទ្យាស្ថាន TISI មានភាពយឺតយ៉ាវក្នុងប្រតិបត្តិការរបស់ខ្លួន ដែលមានន័យថា វាមិនមានប្រសិទ្ធភាពក្នុងការជួយដល់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទំនិញដែលមិនមានស្តង់ដារនោះទេ។

លោក ថាវី ពីយ៉ាប៉ាតាណា អនុប្រធានសហព័ន្ធ FTI ត្រូវបានដកស្រង់សម្តីដោយកាសែតបាងកកប៉ុស្តិ៍ជាភាសាអង់គ្លេសដែលបាននិយាយថា «រដ្ឋាភិបាលថៃត្រូវការជំនួយមួយ ដោយសារការនាំចូលទំនិញថោករបស់ចិនកំពុងបន្តកើនឡើង»។

សហព័ន្ធ FTI បាននិយាយថា ការហូរចូលនៃទំនិញចិនដែលមានតំលៃថោកកំពុងប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុកនៅទូទាំង ២០វិស័យ ដែលរួមមានទាំងវិស័យដែកថែប អាលុយមីញ៉ូម ប្លាស្ទិក សេរ៉ាមិច គីមីឥន្ធនៈ និងឱសថជាដើម។

លោក ថាវី បាននិយាយថា ទំហំនៃការនាំចូលនឹងបន្តកើនឡើង ប្រសិនបើរដ្ឋាភិបាលមិនកែលម្អដំណើរការបញ្ជាក់គុណភាពផលិតផល។

លោកបាននិយាយ​បន្ត​ថា ក្រៅ​ពី​នេះ ប្រសិន​បើ​ការ​នាំ​ចូល​របស់​ចិននៅតែ​បន្ត​កើន​ឡើង វា​អាច​ជា​កត្តា​នាំឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មបានរាយការណ៍នៅពេលមុននេះថា តម្លៃពន្ធគយនៃការនាំចេញបានកើនឡើង ២,៦% ពីមួយឆ្នាំទៅមួយឆ្នាំកាលពីក្នុងខែសីហា ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល ១១ខែ ដែលឈានដល់តម្លៃ ២៤,៣ប៊ីលានដុល្លារអាម៉េរិក។ ការនាំចូលបានធ្លាក់ចុះ ១២,៨% ដល់តម្លៃ ២៣,៩ប៊ីលានដុល្លារអាម៉េរិក ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៣៦០លានដុល្លារអាម៉េរិក។

កាសែតនេះបានដកស្រង់សម្តីរបស់លោក គ្រៀងក្រៃ ធាននុគុល ប្រធានសហព័ន្ធ FTI ដែលបាននិយាយថា ក្នុងអំឡុងពេល ៦ខែដំបូងនៃឆ្នាំនេះ សហព័ន្ធ FTI បានកត់សម្គាល់អំពីការកើនឡើងយ៉ាងឆាប់រហ័សនៃទំនិញនាំចូលរបស់ចិន៕

ប្រភព៖ AKP