លោក អាសាដ និងលោក ពូទីន ពិភាក្សាគ្នាតាមទូរស័ព្ទអំពីវិធីដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្រ្ទីព

0

បរទេស៖ ការិយាល័យរបស់មេដឹកនាំស៊ីរីបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីស៊ីរី លោក បាសា អាសាដ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីវិធីដើម្បីបញ្ឈប់ការវាយប្រហារដោយអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្រ្ទីព។

ការិយាល័យនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោកប្រធានាធិបតី អាសាដ និងលោក ពូទីន បានសន្ទនាគ្នាតាមទូរស័ព្ទ ដោយក្នុងអំឡុងពេលនោះ ពួកគេបានពិភាក្សាគ្នាអំពីវិធីដើម្បីបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាស្រ្ទីព និងបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីព»។

អ៊ីស្រាអែល​បាន​ដាក់​ចេញ​នូវ​ការបិទទាំងស្រុង​នៃ​តំបន់ហ្គាហ្សាស្រ្ទីព ដោយបាន​កាត់ផ្តាច់​ទឹក អគ្គិសនី និង​កំដៅសម្រាប់ប្រជាជនស៊ីវិល។ តាមសេចក្តីរាយការណ៍នោះបានឱ្យដឹងថា មន្ទីរពេទ្យប៉ាឡេស្ទីនមានប្រេងឥន្ធនៈមិនដល់ ២៤ម៉ោងទេ ហើយបន្ទាប់ពីនោះ អ្នកជំងឺរាប់ពាន់នាក់នឹងស្ថិតក្នុងគ្រោះថ្នាក់កាន់តែខ្លាំង។ អង្គការ WHO និងអង្គការអន្តរជាតិផ្សេងទៀត បានថ្កោលទោសចំពោះការបិទរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីព ហើយបានសង្កត់ធ្ងន់ថា វានឹងធ្វើឱ្យមានការកើនឡើងនៃហានិភ័យចំពោះការផ្ទុះឡើងនៃជំងឺនានា៕

ប្រភព៖ AKP