បរទេស៖ យោងតាមទិន្នន័យ និងក្រុមហ៊ុនវិភាគ GlobalData បានឱ្យដឹងថា ជាមួយនឹងថវិកាការពារជាតិសរុបចំនួន ៨,៨ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៣ បានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីក្លាយជាប្រទេសដែលចំណាយលើផ្នែកយោធាច្រើនជាងគេលំដាប់ទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី។
ការចំណាយលើវិស័យយោធារបស់ប្រទេសនេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ចំនួន ៩,៧ប៊ីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០២៨។
របាយការណ៍ចុងក្រោយបង្អស់របស់ក្រុមហ៊ុន GlobalData ស្តីពី «ទំហំ និងនិន្នាការទីផ្សារការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ការបែងចែកថវិកា បទប្បញ្ញត្តិ ការទទួលបានសំខាន់ៗ ទិដ្ឋភាពប្រកួតប្រជែង និងការព្យាករឆ្នាំ២០២៣-២០២៨» បានបង្ហាញថា ការកើនឡើងនៃការចំណាយទៅលើវិស័យការពារជាតិរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងឈានដល់ ៤៦,៦ប៊ីលានដុល្លារអាម៉េរិកក្នុងអំឡុងឆ្នាំ២០២៤-២០២៨ ដែលនៅក្នុងនោះ ចំណែកថវិកាដែលទទួលបានត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រមាណ ២៨,៤% ដែលស្មើនឹង ១៣,៣ប៊ីលានដុល្លារអាម៉េរិក។ ការចំណាយលើវិស័យការពារជាតិត្រូវបានគេរំពឹងថានឹងចុះបញ្ជីអត្រាកំណើនប្រចាំឆ្នាំ (CAGR) ចំនួន ១,៥% សម្រាប់ឆ្នាំ២០២៤-២០២៨ និងឈានដល់ចំនួន ២,៧ប៊ីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០២៨។
លោក អាប់ហ៊ីជីត អាប់ស៊ីងគីការ អ្នកវិភាគអវកាស និងការពារជាតិនៅក្រុមហ៊ុន GlobalData បាននិយាយថា ថវិកាការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានជំរុញយ៉ាងសំខាន់ដោយសារតម្រូវការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងអនុវត្តគំនិតផ្តួចផ្តើមទំនើបកម្មយោធា។
ប្រទេសនេះកំពុងសម្លឹងរកមើលការពង្រីកទីតាំងការពារជាតិរបស់ខ្លួន ក៏ដូចជាការបង្កើនបរិវេណឧស្សាហកម្មផលិតកម្មការពារជាតិរបស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមទំនើបកម្មយោធា ខណៈដែលកំពុងធ្វើការពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ និងអំពើភេរវកម្ម៕
ប្រភព៖ AKP