ក្រុមហាម៉ាស់ចំណាយពេល ៤ឆ្នាំទៅលើការរៀបចំសម្រាប់វាយប្រហារអ៊ីស្រាអែល

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បាននិយាយថា ចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ បានអនុវត្តប្រតិបត្តិការជំនន់អាល់-អាកសា និងការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលអស់រយៈពេល ៤ឆ្នាំមកហើយ។

ការរាយការណ៍នេះបាននិយាយថា ការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើប្រទេសអ៊ីស្រាអែលជាការកត់សម្គាល់នូវការចាប់ផ្តើមនៃយុគសម័យថ្មី នៅក្នុងការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ ខណៈដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបង្ហាញពីកម្រិតខ្ពស់នៃការត្រៀមខ្លួន ក៏ដូចជាប្រសិទ្ធភាពនៃការស៊ើបការណ៍របស់ពួកគេ។ ក្រុមហាម៉ាស់បានធ្វើសមយុទ្ធប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០២០ មក ដែលក្នុងនោះវាបានអនុវត្តសេណារីយ៉ូនៃការវាយប្រហារផ្សេងៗ។

សារព័ត៌មាន Tasnim បានកត់​សម្គាល់​ថា ក្រុមចលនា​នេះ​តែង​តែ​ប្រកាស​ធ្វើ​សមយុទ្ធ​ជា​សាធារណៈ ដែលតាមរបៀបនេះ វាបានបង្កើតមជ្ឈមណ្ឌលបញ្ជាការបង្រួបបង្រួម អនុវត្តសកម្មភាពរួមគ្នាដោយក្រុមផ្សេងៗគ្នា និងធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួនប្រយុទ្ធ។ យុទ្ធជនក៏បានអនុវត្តការចល័តទ័ព សង្គ្រាមទីក្រុង ការរឹបអូសទីតាំងសំខាន់ៗរបស់សត្រូវ និងកន្លែងយោធា ការលុកលុយតំបន់ឆ្នេរ និងប្រតិបត្តិការចុះចតផងដែរ។ អ្នកប្រយុទ្ធបានយកចិត្តទុកដាក់ជាពិសេសចំពោះយុទ្ធសាស្ត្រការពារការឈ្លានពានរបស់អ៊ីស្រាអែលដែលអាចកើតមាននៅតំបន់ហ្គាហ្សាស្ទ្រីប ដោយប្រើគ្រាប់មីន រថក្រោះ យន្តហោះគ្មានមនុស្សបើក (ដ្រូន) ប្រព័ន្ធប្រឆាំងគ្រាប់មីស៊ីល និងអាវុធផ្សេងទៀត។

សារព័ត៌មាន Tasnim បាននិយាយ​ថា សមយុទ្ធ​ឆ្នាំ​នេះ​បាន​ធ្វើ​ឡើងនៅ​មួយ​ខែ​មុន​ការ​វាយ​ប្រហារ​ពិត​ប្រាកដ។ អាជ្ញាធរ​អ៊ីស្រាអែល​មិន​បានយកចិត្តទុកដាក់ឱ្យ​បាន​ហ្មត់ចត់​គ្រប់គ្រាន់ទៅលើការត្រៀម ឬ​សិក្សា​យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់​ក្រុម​ហាម៉ាស់ឱ្យ​បាន​ត្រឹម​ត្រូវទេ៕

ប្រភព៖ AKP