បរទេស៖ គេហទំព័រសារព័ត៌មានអ៊ីស្រាអែល Ynet បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបង្ហាញពីបំណងចង់ទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ចំពេលដែលកំពុងមានការកើនឡើងនៃភាពតានតឹងនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ប៉ុន្តែភាគីអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ចំពោះទីក្រុងគៀវថា ដំណើរទស្សនកិច្ចបែបនេះនឹងមិនទាន់ដល់ពេលវេលាទេ ។
យោងតាមគេហទំព័រសារព័ត៌មាននោះបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនដែលបានធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបកាលពីសប្តាហ៍មុន ចង់ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល រួមជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន។ លោក ប្ល៊ីនខេន ធ្វើទស្សនកិច្ចនៅរដ្ឋជ្វីហ្វនៅថ្ងៃចន្ទ ដែលជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកចាប់តាំងពីជម្លោះមានការកើនឡើងមក។ សារព័ត៌មាន Ynet បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ភាគីអ៊ីស្រាអែលបានប្រាប់ទៅកាន់ភាគីអ៊ុយក្រែនវិញថា ឥឡូវនេះមិនមែនជាពេលវេលាសមស្របសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី នោះទេ។
វាត្រូវបានកត់សម្គាល់ថា ការបដិសេធនេះមិនមែនមានន័យថា លោក ហ្សេលេនស្គី នឹងមិនទៅកាន់ប្រទេសអ៊ីស្រាអែលនោះទេ។ យោងតាមសារព័ត៌មាន Ynet បានឱ្យដឹងថា ការធ្វើដំណើរបែបនេះអាចកើតឡើងនៅពេលក្រោយ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបដ៏មានសក្តានុពលរបស់ប្រធានាធិបតីអ៊ុយក្រែន៕
ប្រភព៖ AKP