បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើការសន្ទនាតាមទូរស័ព្ទអន្តរជាតិចំនួន៥ កាលពីម្សិលមិញ ដែលរួមទាំងការសន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងមេដឹកនាំប៉ាឡេស្ទីន លោក ម៉ាមូដ អាបបាស់។ នេះបើយោងតាមជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក យូរី អ៊ូឆាកូវ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ។
លោក អ៊ូឆាកូវ បាននិយាយថា «នៅថ្ងៃចន្ទ យើងមានការសន្ទនាតាមទូរស័ព្ទចំនួ៥ ដែលបានគ្រោងទុក ដែលអាចនិយាយបានថាជាការបង្កើនថាមពល។ ប្រធានាធិបតីបានសន្ទនារួចហើយជាមួយប្រធានាធិបតីស៊ីរី លោក បាសា អាសាដ និងប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី»។
ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីបាននិយាយបន្ថែមថា «ការសន្ទនាតាមទូរស័ព្ទដែលនៅសល់នាពេលនេះ រួមមានការសន្ទនាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតាហ៍ អ៊ែល-ស៊ីស៊ី ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបបាស់ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ»។
លោក អ៊ូឆាកូវ បាននិយាយបន្តទៀតថា មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន លោក ពូទីន នឹងជួបពិភាក្សាជាមួយតួអង្គសំខាន់ៗទាំងអស់នៅក្នុងជម្លោះនោះ។
លោក អ៊ូឆាកូវ បានកត់សម្គាល់ថា «លោក ពូទីន ប្រាកដជានឹងដាក់ចេញនូវការវាយតម្លៃរបស់យើង ហើយពិពណ៌នាអំពីគោលជំហររបស់យើង។ លោកនឹងស្តាប់សេចក្តីថ្លែងការណ៍អំពីបញ្ហានេះពីសហសេវិករបស់លោក»។
ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីបាននិយាយថា «លោកប្រធានាធិបតីកំពុងតាមដានយ៉ាងជិតស្និទ្ធទៅលើការកើនឡើងនៃភាពតានតឹងដែលមិនធ្លាប់មានពីមុនមកនៃជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។ បញ្ហាទាំងអស់ដែលទាក់ទងនឹងជម្លោះនេះនៅតែជាចំណុចសំខាន់នៃការយកចិត្តទុកដាក់របស់លោក»។
ភាពតានតឹងបានផ្ទុះឡើងសារជាថ្មីម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធមកពីចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ហាម៉ាស់បានធ្វើការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយទៅលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រភព៖ AKP