បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក ហ្វៃសាល ប៊ីន ហ្វាហាន អាល់ សាអូ ក្នុងការសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃអាទិត្យថា សកម្មភាពរបស់អ៊ីស្រាអែលបានធ្វើហួសពីវិសាលភាពនៃការការពារខ្លួន ហើយប្រទេសនេះគួរតែបញ្ឈប់ការដាក់ទណ្ឌកម្មរួមទៅលើប្រជាជនប៉ាឡេស្ទីន។
លោក វ៉ាង ត្រូវបានដកស្រង់សម្តីដែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការបរទេសចិនថា «សកម្មភាពរបស់អ៊ីស្រាអែលបានធ្វើហួសពីការការពារខ្លួន ហើយអ៊ីស្រាអែលគួរតែស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងបញ្ឈប់ការដាក់ទណ្ឌកម្មជារួមទៅលើប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប»។
លោក វ៉ាង ក៏បាននិយាយផងដែរថា ប្រទេសចិនថ្កោលទោសចំពោះរាល់សកម្មភាពដែលបង្កគ្រោះថ្នាក់សំដៅទៅលើជនស៊ីវិល ហើយបានអំពាវនាវឱ្យមានការវិលត្រឡប់មកកាន់កិច្ចចរចាវិញជាបន្ទាន់។
កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យអ៊ីស្រាអែលប្រកាសស្ថានភាពនៃសង្រ្គាមនៅថ្ងៃបន្ទាប់ និងបើកការវាយប្រហារសងសឹកវិញ។ កាលពីថ្ងៃចន្ទ អ៊ីស្រាអែលបានបញ្ជាឱ្យបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលមានប្រជាជនជាង ២លាននាក់រស់នៅ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អាហារ និងប្រេងឥន្ធនៈ។
កាលពីចុងសប្តាហ៍មុន យោធាអ៊ីស្រាអែលបានអំពាវនាវឱ្យប្រជាជននៅតំបន់ហ្គាហ្សាស្រ្ទីបជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងទៅកាន់ភាគខាងត្បូង ដោយព្រមានពីការវាយប្រហារដែលនឹងកើតឡើងដែលសំដៅទៅលើគោលដៅរបស់ក្រុមហាម៉ាស់។ អង្គការអន្តរជាតិ និងក្រុមសិទ្ធិមនុស្សជាច្រើនបានច្រានចោលឱសានវាទនោះ ដោយបាននិយាយថា ការបម្លាស់ទីដ៏ច្រើននោះ គឺពោរពេញទៅដោយផលវិបាកផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ៕
ប្រភ៖ AKP