កងទ័ព​អ៊ីស្រាអែល​ធ្វើ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​គោលដៅ​យោធា​របស់​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្គាហ្សា

0

បរទេស៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា កងយោធាអ៊ីស្រាអែលបានចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងរបស់ក្រុមចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «បច្ចុប្បន្ននេះ កងកម្លាំង IDF កំពុងធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងភេរវករនៃអង្គការភេរវករហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប»។

កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានទៅទស្សនកិច្ចតំបន់ជាប់ព្រំដែនហ្គាហ្សាស្រ្ទីប ហើយបានសួរទៅកងទាហានដែលឈរជើងនៅទីនោះថា តើពួកគេបានត្រៀមខ្លួនរួចរាល់ឬនៅសម្រាប់ «ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការ»។

លោកនាយក​រដ្ឋមន្ត្រីរូបនោះ​បានសួរទៅ​កងយោធា​ដោយបានចាប់​ដៃរបស់ពួកគេ ​ដូចដែលបាន​បង្ហាញនៅ​ក្នុង​វីដេអូមួយ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​នាយក​រដ្ឋមន្ត្រីថា «តើអ្នកត្រៀមខ្លួនរួចហើយឬនៅសម្រាប់ដំណាក់កាលបន្ទាប់?»។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយ​បន្ថែម​ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ថា «​ដំណាក់កាល​បន្ទាប់​នឹង​មក​ដល់»។

កងយោធាអ៊ីស្រាអែលបានងក់ក្បាលនៅពេលសួរអំពីការត្រៀមខ្លួនរបស់ពួកគេសម្រាប់ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រភព៖ AKP