បរទេស៖ ចលនាប៉ាឡេស្ទីនហាម៉ាស់ ជឿជាក់ថា ប្រទេសរុស្ស៊ីមានសមត្ថភាពដើរតួនាទីសំខាន់ក្នុងការបញ្ចប់ការកើនឡើងនៃវិបត្តិយោធានៅមជ្ឈិមបូព៌ា ដែលត្រូវបានបង្កឡើងដោយការឈ្លានពានរបស់អ៊ីស្រាអែល។ នេះបើយោងតាម លោក អាលី បារ៉ាកា ប្រធានផ្នែកទំនាក់ទំនងជាតិរបស់ក្រុមហាម៉ាសនៅក្រៅប្រទេសបានប្រាប់សារព័ត៌មានតាសស៍។
លោកបាននិយាយថា «ចលនាហាម៉ាស់មានកម្រិតនៃការជឿទុកចិត្តខ្ពស់នៅក្នុងប្រទេសរុស្ស៊ី និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដូច្នេះហើយ យើងនឹងស្វាគមន៍ចំពោះការសម្របសម្រួលរបស់ប្រទេសរុស្ស៊ីនៅក្នុងការដោះស្រាយជម្លោះ។ យើងចាប់អារម្មណ៍ក្នុងការបញ្ចប់ការឈឺចាប់របស់ជនស៊ីវិល ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការបិទតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បាននិយាយថា ថ្នាក់ដឹកនាំនៃចលនានេះមានទំនាក់ទំនងជានិច្ចជាមួយទីក្រុងមូស្គូ។
លោកបាននិយាយថា «យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំដែលអាចធ្វើទៅបានជាមួយអ្នកការទូតរុស្ស៊ីនៅក្នុងប្រទេសអារ៉ាប់ណាមួយ ហើយយើងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ»។
បើយោងតាមអ្នកតំណាងក្រុមហាម៉ាស់បានឱ្យដឹងថា ប្រទេសប៉ាឡេស្ទីនវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់លោក ពូទីន។
លោក បាការ៉ា បាននិយាយថា «យើងធ្វើតាមការថ្លែងរបស់មេដឹកនាំរុស្ស៊ី ដែលលោកបានវាយតម្លៃទៅលើការអភិវឌ្ឍក្នុងតំបន់។ យើងចាត់ទុករុស្ស៊ីជាមហាអំណាចមួយ ដែលក្រោកឈរឡើងសម្រាប់ច្បាប់អន្តរជាតិ និងស្វែងរកយុត្តិធម៌សម្រាប់អ្នកដែលត្រូវបានគេជិះជាន់»។
លោកបាននិយាយថា «សម្រាប់ភាគីប៉ាឡេស្ទីន សំឡេងរបស់រុស្ស៊ីក្នុងការការពាររបស់ពួកគេ និងការអះអាងរបស់ទីក្រុងមូស្គូដើម្បីបញ្ឈប់ការឈ្លានពាន លុបបំបាត់ការបិទតំបន់ហ្គាហ្សា និងបន្តការផ្តល់ជំនួយមនុស្សធម៌ឡើងវិញ គឺជារឿងដ៏សំខាន់»៕
ប្រភព៖ AKP