ថៃ​ និង​ជប៉ុន ​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី កាមីកាវ៉ា យ៉ូកូ និងសមភាគីថៃ លោក ប៉ានព្រី បាហ៊ីដា នូការ៉ា បានព្រមព្រៀងគ្នាកាលពីថ្ងៃទី១២ ខែតុលា នៅទីក្រុងបាងកកនៃប្រទេសថៃថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

រដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសថៃ ដោយផ្អែកទភលើផែនការសកម្មភាពរួមគ្នារយៈពេល ៥ឆ្នាំដែលត្រូវបានអនុម័តកាលពីឆ្នាំមុន ដែលមានចាប់ពីវិស័យពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក រហូតដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។

យោងតាមលោកស្រី កាមីកាវ៉ា បានឱ្យដឹងថា ប្រទេសជប៉ុននឹងសហការជាមួយប្រទេសថៃដើម្បីដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដែលបណ្តាលឱ្យមានជនជាតិថៃស្លាប់ និងរបួសជាច្រើននាក់។

លោក ប៉ានព្រី បាននិយាយ​ថា លោក​នាយក​រដ្ឋមន្ត្រី​ថៃ សេដ្ឋា ត្រូវបានរំពឹងថា​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​ក្រោយ។

ប្រទេសថៃ គឺជាកន្លែងឈប់ចុងក្រោយក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនទៅកាន់ប្រទេសចំនួន៤ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសប្រ៊ុយណេ វៀតណាម ឡាវ និងថៃ ចាប់ពីថ្ងៃទី៨-១៣ ខែតុលា៕

ប្រភព៖ AKP