បរទេស៖ ប្រទេសរុស្ស៊ីបានស្នើសុំឱ្យមានការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីដំណោះស្រាយរបស់ខ្លួនចំពោះជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល នៅថ្ងៃទី១៦ ខែតុលានេះ។ នេះបើយោងតាមអនុប្រធានអចិន្ត្រៃយ៍ទីមួយប្រចាំអង្គការសហប្រជាជាតិ លោក ឌីមីទ្រី ប៉ូលីយ៉ាន់ស្គី បានសរសេរនៅលើបណ្តាញសង្គមអ៊ិច ។
លោក ប៉ូលីយ៉ាន់ស្គី បាននិយាយថា «វាគ្រាន់តែជាការធ្វើបច្ចុប្បន្នភាពទៅលើសេចក្តីព្រាងនៃដំណោះស្រាយមនុស្សធម៌របស់យើងទៅលើតំបន់ហ្គាហ្សា។ យើងបានផ្សព្វផ្សាយវានៅក្នុងចំណោមសមាជិកនៃក្រុមប្រឹក្សាសន្តិសុខកាលពីម្សិលមិញ ហើយបានស្នើសុំឱ្យមានការបោះឆ្នោតនៅថ្ងៃច័ន្ទនេះ»។
អ្នកការទូតរូបនេះបាននិយាយបន្ថែមថា «យើងរំពឹងថា ប្រធានក្រុមប្រឹក្សាប្រេស៊ីលនឹងបញ្ជាក់រឿងនេះក្នុងពេលដ៏ខ្លី។ សម្រាប់សហការីរបស់យើងមកពីបណ្តារដ្ឋជាសមាជិកអង្គការសហប្រជាជាតិ បានបើកសម្រាប់ការសហការឧបត្ថម្ភនៅតាមច្រកប្រតិភូ។ សូមចូលរួមគាំទ្រដោយសេរី ហើយយើងត្រូវផ្ញើសារច្បាស់លាស់មួយទៅកាន់ភាគីនៃជម្លោះ»៕
ប្រភព៖ AKP