ថៃ​រឹបអូស​កាំភ្លើង​ជាង ​២.០០០​ដើម​ក្នុង​ការ​បង្រ្កាប​ទូទាំងប្រទេស​រយៈពេល​ ៣​ថ្ងៃ​

0

បរទេស៖ មន្រ្តីប៉ូលិសរបស់ប្រទេសថៃបានរឹបអូសកាំភ្លើងខុសច្បាប់ជាង ២.០០០ដើម និងគ្រាប់កាំភ្លើង ៧៥.០០០គ្រាប់ ហើយបានចាប់ខ្លួនជនសង្ស័យចំនួន ១.៥៩៣នាក់នៅក្នុងយុទ្ធនាការបង្រ្កាបទូទាំងប្រទេសរយៈពេល ៣ថ្ងៃ បន្ទាប់ពីមានហេតុការណ៍បាញ់សម្លាប់មនុស្សនៅផ្សារទំនើបក្នុងទីក្រុងបាងកកកាលពីដើមខែតុលាកន្លងមកនេះ។

អគ្គស្នងការនគរបាលជាតិថៃ លោក តូសាក់ ស៊ូកវីមុល បាននិយាយថា ក្រុមមន្រ្តីប៉ូលិសថៃបានឆ្មក់ចូលទីតាំងចំនួន ៣.២២៤កន្លែងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៩-១១ ខែតុលា។

លោក តូសាក់ បាននិយាយថា ប្រតិបត្តិការបង្រ្កាបនេះ គឺជាការឆ្លើយតបទៅនឹងហេតុការណ៍នៃការបាញ់ប្រហារកាលពីថ្ងៃទី៣ ខែតុលា នៅក្នុងផ្សារទំនើបសាយ៉ាផារ៉ាហ្គន ដែលខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់បានសម្លាប់មនុស្ស ២នាក់ និង ៥នាក់ផ្សេងទៀតបានរងរបួស។

មន្រ្តីប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងអាយុ ១៤ឆ្នាំដែលឥឡូវនេះកំពុងស្ថិតក្រោមការវាយតម្លៃផ្នែកជំងឺវិកលចរិក បានទិញកាំភ្លើងនោះតាមប្រព័ន្ធអនឡាញ។

លោក តូសាក់ បាន​និយាយ​ថា ការ​បាញ់​សម្លាប់នោះ​បាន​ជំរុញឱ្យ​​នាយក​រដ្ឋមន្ត្រីថៃ លោក សេដ្ឋ ថាវីស៊ីន បញ្ជា​ឱ្យ​មាន​ការ​បង្ក្រាប​អាវុធ​ខុស​ច្បាប់​គ្រប់​ប្រភេទទាំងអស់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អានុទីន ចាន់វីរៈគុល បានផ្អាកការចេញលិខិតអនុញ្ញាតសម្រាប់ការនាំចូល និងជួញដូរអាវុធជាបន្តបន្ទាប់ ដែលជាវិធានការមួយក្នុងចំណោមវិធានការរយៈពេលខ្លីចំនួន៧ ដើម្បីរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង។ ក្នុងរយៈពេលវែងជាងនេះ អាជ្ញាធរកំពុងសម្លឹងទៅលើការធ្វើវិសោធនកម្មច្បាប់អាវុធដែលមានអាយុ ៧៦ឆ្នាំរបស់ប្រទេសនេះ ដើម្បីបំពេញចន្លោះប្រហោងដែលមាននៅក្នុងច្បាប់នោះ៕

ប្រភព៖ AKP