រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ជួប​ពិភាក្សាជាមួយ​ប្រធាន​ការិយាល័យ​នយោបាយរបស់ក្រុម​ហាម៉ាស់នៅ​ក្នុង​ប្រទេស​កាតា

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសសេន អាមីរ៉ាប់ដុលឡាហៀន បានជួបពិភាក្សាជាមួយប្រធានការិយាល័យនយោបាយនៃក្រុមហាម៉ាស់ លោក អ៊ីស្ម៊ែល ហានីយ៉េហ៍ នៅក្នុងប្រទេសកាតា និងបានពិភាក្សាអំពីស្ថានភាពជុំវិញជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់អរិភាព។

នៅដើមសប្តាហ៍មុន លោក អាមីរ៉ាប់ដុលឡាហៀន បានទៅបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដូចជាប្រទេសអ៊ីរ៉ាក់ លីបង់ និងស៊ីរី ហើយកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីអ៊ីរ៉ង់បានជួបពិភាក្សាជាមួយលោក ហាស់សាន់ ណាស់រ៉ាល់ឡាហ៍ ប្រធានចលនាឥស្លាមហេបូឡា Shia របស់ប្រទេសលីបង់ នៅក្នុងទីក្រុងបេរូត។

កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យអ៊ីស្រាអែលប្រកាសស្ថានភាពនៃសង្រ្គាមនៅថ្ងៃបន្ទាប់ និងបើកការវាយប្រហារសងសឹកវិញ។ កាលពីថ្ងៃចន្ទ អ៊ីស្រាអែលបានបញ្ជាឱ្យបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលមានប្រជាជនរស់នៅជាង ២លាននាក់ ដោយបានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អាហារ និងប្រេងឥន្ធនៈ។ ទាំង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​រាយការណ៍​ថា ​មាន​មនុស្ស​ស្លាប់​ជាង ១.០០០នាក់ និង​រាប់​ពាន់​នាក់ផ្សេងទៀតបាន​រង​របួស ដែល​ជា​លទ្ធផល​នៃ​ការ​កើនឡើងភាពតានតឹង​នេះ៕

ប្រភព៖ AKP