បរទេស៖ ទីក្រុងនានានៅក្នុងប្រទេសថៃដែលនៅក្រៅទីក្រុងបាងកកអាចបង្កើនល្បឿនដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ប៉ុន្តែនឹងត្រូវស្វែងរកមធ្យោបាយដើម្បីទទួលបានដើមទុនឯកជនដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងទាំងនោះ។ នេះបើយោងតាមការសិក្សារបស់ធនាគារពិភពលោក (WB)។
ការសិក្សានេះមានចំណងជើងថា «ការវាយតម្លៃហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធទីក្រុងរបស់ប្រទេសថៃ» បាននិយាយថា ទីក្រុងបាងកក គឺជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ច និងផលិតភាពរបស់ប្រទេសនេះជាយូរមកហើយ។ ប៉ុន្តែដោយសារកំណើនយឺត ទីក្រុងនានា ដូចជាទីក្រុងក្នុងខេត្តឈៀងម៉ៃ ទីក្រុងក្នុងខេត្តខនកែន និងទីក្រុងក្នុងខេត្តរ៉ាក់យ៉ង អាចទទួលបានការវិនិយោគទៅលើប្រព័ន្ធដឹកជញ្ជូនសាធារណៈ ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងផ្សេងទៀត ដែលនឹងមានសារៈសំខាន់សម្រាប់ការប្រកួតប្រជែង និងសមត្ថភាពរបស់ប្រទេសថៃក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាកាសធាតុ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីផ្តល់មូលនិធិដល់ការវិនិយោគទាំងនេះ ទីក្រុងនានាមិនអាចពឹងផ្អែកតែទៅលើថវិការបស់រដ្ឋាភិបាលកណ្តាលនោះទេ ហើយគួរតែពិចារណាទៅលើប្រាក់កម្ចចី និងភាពជាដៃគូវាងវិស័យសាធារណៈ និងវិស័យឯកជន។
ធនាគារពិភពលោកបាននិយាយថា កំណើនទីក្រុងនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង និងប្រទេស តាមរយៈការដឹកជញ្ជូនដែលអាចទុកចិត្តបានជាងមុន ប្រព័ន្ធអគ្គិសនី និងលទ្ធភាពទទួលបានទីផ្សារ ការអប់រំ និងសេវាសុខភាព។
ធនាគារនោះបាននិយាយបន្ថែមថា វានឹងអនុញ្ញាតឱ្យប្រជាជន ទំនិញ និងសេវាកម្មអាចមានការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុង និងទូទាំងទីក្រុង ដើម្បីលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ច ការងារ និងលើកកម្ពស់គុណភាពជីវិត។
លោកស្រី ប៉ាទ្រីសៀ ម៉ុងខុនវ៉ានីត អគ្គនាយកនៃការិយាល័យគ្រប់គ្រងបំណុលសាធារណៈនៃក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ទីក្រុងបន្ទាប់បន្សំអាចជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដោយបង្កើតឱកាសដែលអាចប្រើប្រាស់បានសម្រាប់អ្នករស់នៅក្នុងតំបន់ជនបទ។
លោកស្រីបាននិយាយថា ក្រសួងហិរញ្ញវត្ថុនឹងប្រើប្រាស់ការយល់ដឹង និងការរកឃើញដែលបានបង្ហាញនៅក្នុងការសិក្សានោះក្នុងការគាំទ្រដល់កំណើននៅក្នុងទីក្រុងទាំងនោះ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន អាជីវកម្ម និងឧស្សាហកម្ម៕
ប្រភព៖ AKP