បរទេស៖ ក្រសួងអប់រំរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃទី១៣ ខែតុលាថា សាលារៀនសរុបចំនួន២៦៨ នៅក្នុងតំបន់បាហ្គោ នៅភាគខាងត្បូងនៃប្រទេសនេះត្រូវបានបិទដោយសារតែទឹកជំនន់ធ្ងន់ធ្ងរ។
យោងតាមក្រសួងនោះបានឱ្យដឹងថា សាលារៀនមួយចំនួនដែលមិនសូវរងការលិចលង់ អាចបើកដំណើរការឡើងវិញបាន ខណៈដែលសាលារៀនខ្លះទៀតកំពុងសម្អាតកម្ទេចកម្ទីដែលបន្សល់ទុកដោយទឹកជំនន់។
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃទី៨ ខែតុលា បានវាយប្រហារតំបន់បាហ្គោដែលបណ្តាលឱ្យមានទឹកជំនន់រីករាលដាល និងរំខានដល់ការធ្វើចរាចរណ៍ ដែលបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនរាប់ពាន់នាក់ចេញទៅកាន់ទីសុវត្ថិភាព។ មិនត្រឹមតែតំបន់បាហ្គោប៉ុណ្ណោះទេ ទឹកជំនន់ដែលអូសបន្លាយចាប់តាំងពីខែកក្កដាមកនោះ ក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រដ្ឋ និងតំបន់ចំនួន៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរួមមានរដ្ឋរ៉ាឃីន រដ្ឋកាឈីន រដ្ឋការ៉ែន រដ្ឋម៉ន និងរដ្ឋឈិនជាដើម៕
ប្រភព៖ AKP