បរទេស៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងគណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ ហើយបានថ្កោលទោសចំពោះ «ការវាយប្រហារមិនរើសមុខ» ទៅលើអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់។
លោក យូន បានជួបជាមួយគណៈប្រតិភូដែលមានសមាជិកចំនួន ៦រូប ដែលរួមមានទាំងមេដឹកនាំភាគច្រើននៃព្រឹទ្ធសភា លោក ជូក ស្ចូម័រ នៅក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន។ នេះជាការថ្កោលទោសជាលើកដំបូងរបស់ លោក យូន ចំពោះការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួសទាំងសងខាង។
លោក យូន ក៏បានកត់សម្គាល់ផងដែរថា អាជីវកម្មកូរ៉េខាងត្បូងបានបង្កើតការងារជាច្រើននៅក្នុងសហរដ្ឋអាមេរិក តាមរយៈការវិនិយោគទ្រង់ទ្រាយធំនៅក្នុងប្រទេស ខណៈដែលក្រុមហ៊ុនអាម៉េរិកបានចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពច្នៃប្រឌិតរបស់កូរ៉េខាងត្បូងដោយការពង្រីកការវិនិយោគនៅក្នុងវិស័យគ្រឿងអគ្គីសនី ជីវវិទ្យា និងផ្នែកទំនើបផ្សេងៗទៀត។
លោក ស្ចូម័រ បានឆ្លើយតបថា លោករីករាយដែលបានជួបជាមួយលោកប្រធានាធិបតីម្តងទៀត បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក យូន ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីក្នុងខែមេសា ហើយក៏បានថ្លែងអំណរគុណដល់លោក យូន សម្រាប់ភាពជាអ្នកដឹកនាំរបស់លោកក្នុងការពង្រឹងសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក-ជប៉ុន។
គណៈប្រតិភូបានទទួលស្គាល់បន្ថែមទៀតនូវការរួមចំណែកដ៏ធំដែលក្រុមហ៊ុនកូរ៉េខាងត្បូងដែលបានធ្វើសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក និងបានសន្យាគាំទ្រឥតងាករេរបស់សភាសម្រាប់សម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា