បរទេស៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោក ប៊ីល ប្ល៊ែរ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកាណាដានឹងបញ្ជូនគ្រឿងបរិក្ខាសម្រាប់រដូវរងា និងគ្រាប់រំសេវជាច្រើនប្រភេទ ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ២៥លានដុល្លារកាណាដា (១៨,៤លានដុល្លារអាម៉េរិក) សម្រាប់ប្រទេសអ៊ុយក្រែន។
នៅព្រឹកថ្ងៃដដែលនោះ លោក ប្ល៊ែរ បានចូលរួមកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) លើកទី១៦ នៅទីក្រុងព្រុចស៊ែល ដែលរៀបចំឡើងដោយប្រធានមន្ទីរបញ្ចកោណ លោក ឡយ អូស្ទីន។
កញ្ចប់ជំនួយនោះ ក៏មានរួមបញ្ចូលផងដែរនូវគ្រាប់រំសេវប្រភេទ ១៥៥មីលីម៉ែត្រចំនួន ២.០០០គ្រាប់ គ្រាប់បែកផ្សែង គ្រាប់បែកយន្តហោះទម្ងន់ ១.០០០ផោនចំនួន ២៧៧គ្រាប់ និងប្រភេទផ្សេងៗទៀតនៃគ្រាប់រំសេវកងទ័ពជើងទឹកប្រភេទ ៧៦មីលីម៉ែត្រ ព្រមទាំងរបាំងឧស្ម័នចំនួន២.២៦០ ផងដែរ។
ក្រសួងនោះក៏បានរាយការណ៍ផងដែរថា កាលពីសប្តាហ៍មុន ខ្លួនបានប្រគល់គ្រាប់រំសេវប្រភេទ ១៥៥មីលីម៉ែត្រចំនួន ៨.០០០គ្រាប់ គ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រចំនួន ១០.០០០គ្រាប់ និងគ្រាប់រំសេវសម្រាប់អាវុធធុនតូចប្រភេទ ៧,៦៣មីលីម៉ែត្រប្រមាណ ២លានគ្រាប់ទៅដល់ប្រទេសអ៊ុយក្រែន។
ចាប់តាំងពីខែមករា ឆ្នាំ២០២២ មក រដ្ឋាភិបាលកាណាដាបានផ្តល់ហិរញ្ញវត្ថុប្រមាណជាង ៩ប៊ីលានដុល្លារកាណាដា និងជំនួយមនុស្សធម៌ ការអភិវឌ្ឍន៍ អន្តោប្រវេសន៍ និងជំនួយផ្សេងៗទៀតដល់ទីក្រុងគៀវ ដែលរួមទាំងជំនួយផ្នែកយោធាផងដែរចំនួន ២,៤ប៊ីលានដុល្លារកាណាដា៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា