ផ្ទះជាង ២០.០០០ខ្នង និងមន្ទីរពេទ្យចំនួន១០ ត្រូវបានបំផ្លាញដោយសារការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា

0

បរទេស៖ ក្រសួងការបរទេសប៉ាឡេស្ទីនបានសរសេរនៅលើបណ្តាញសង្គមអ៊ិច ដែលពីមុនត្រូវបានគេស្គាល់ថាជាបណ្តាញសង្គមធ្វីតធើរថា យ៉ោងហោចណាស់អាគារស្នាក់នៅចំនួន ២២.៦៣៩ខ្នង និងមន្ទីរពេទ្យចំនួន១០ ត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្រ្ទីប។

យោងតាមការរាយការណ៍នោះបានឱ្យដឹងថា សាលារៀនក្នុងស្រុកសរុបចំនួន៤៨ ក៏ត្រូវរងការខូចខាតផងដែរ។

យោងតាមប្រភពដែលបានដកស្រង់ដោយប៉ុស្តិ៍ទូរទស្សន៍អាល់ អារ៉ាប៊ីយ៉ា បានឱ្យដឹងថា អគ្គិសនី និងសេវាអ៊ីនធើណេតត្រូវបានកាត់ផ្តាច់។

ភាពតានតឹងចុងក្រោយបំផុតនៅមជ្ឈិមបូព៌ាត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ពួកសកម្មប្រយុទ្ធហាម៉ាស់ទៅលើទឹកដីនៃប្រទេសអ៊ីស្រាអែល។ យោងតាមរបាយការណ៍ចុងក្រោយបានឱ្យដឹងថា ការប៉ះទង្គិចគ្នា និងការបាញ់ផ្លោងបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនប្រហែល ៩០០នាក់បានស្លាប់ និងជាង ៤.៥០០នាក់បានរងរបួស ហើយជនជាតិអ៊ីស្រាអែលជាង ១.០០០នាក់បានស្លាប់ និងជាង ៣.៤០០នាក់បានរងរបួស។

ក្រុមហាម៉ាស់បាននិយាយថា ការវាយប្រហាររបស់ខ្លួន គឺដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាជ្ញាធរអ៊ីស្រាអែលដែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅក្នុងទីក្រុងហ្សេរុយសាឡឹម។ ប្រទេសអ៊ីស្រាអែល​បាន​ប្រកាស​អំពី​ស្ថានភាព​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម និង​សម្រាប់​ការ​ឡោមព័ទ្ធ​ទាំងស្រុង​នៃ​តំបន់ហ្គាហ្សាស្រ្ទីប៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា