បរទេស៖ ប្រទេសថៃបានអនុម័តពាក្យសុំវិនិយោគដែលមានតម្លៃសរុប ៤១ប៊ីលានបាត (១,១ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងគម្រោងមួយចំនួន ដែលរួមមានទាំងគម្រោងផលិតរថយន្តអគ្គិសនី (EV) ការបង្កើតថាមពលកកើតឡើងវិញពីកាកសំណល់ មជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ និងទេសចរណ៍ និងគ្រឿងបរិក្ខា។
អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគ (BOI) លោក ណារិទ្ធ ថឺតស្ទីរ៉ាស៊ុកឌី បាននិយាយថា គម្រោងនានាដែលត្រូវបានអនុម័តដោយ BOI ចាប់តាំងពីការបង្កើតរដ្ឋាភិបាលថ្មីមក គឺជាយុទ្ធសាស្រ្តនៃវិស័យសំខាន់ៗ ដែលនឹងក្លាយជាការផ្តោតសំខាន់នៃគោលនយោបាយជំរុញការវិនិយោគរបស់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
លើសពីនេះទៀត ក្រុមប្រឹក្សា BOI បានកែសម្រួលយុទ្ធសាស្ត្រជំរុញការវិនិយោគរយៈពេល ៥ឆ្នាំ ដែលបានចូលជាធរមានកាលពីក្នុងខែមករាឆ្នាំនេះ។
យុទ្ធសាស្ត្រដែលត្រូវបានកែសម្រួលនោះ បានដាក់ចេញនូវដាក់ឧស្សាហកម្ម និងសកម្មភាពជាយុទ្ធសាស្រ្តចំនួន៥ ដូចជាសកម្មភាពសេដ្ឋកិច្ច Bio-Circular-Green វិស័យរថយន្ត និងគ្រឿងអេឡិចត្រូនិច ស្នូលនៃគោលនយោបាយជំរុញការវិនិយោគសម្រាប់រយៈពេល ៤ឆ្នាំខាងមុខ និងការផ្តល់ឱ្យពួកគេនូវការលើកទឹកចិត្តពិសេសក្នុងការវិនិយោគ។
លោក ណារិទ្ធ បាននិយាយបន្ថែមថា ការដាក់ចេញនូវយុទ្ធសាស្ត្រជំរុញការវិនិយោគថ្មី ដែលមានគោលបំណងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចថៃឡើងវិញនោះ គឺឆ្ពោះទៅរកសេដ្ឋកិច្ចថ្មី ដែលធ្វើឱ្យការវិនិយោគរបស់ប្រទេសថៃកាន់តែមានភាពទាក់ទាញ។
ចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សា BOI បានទទួលពាក្យស្នើសុំជំរុញការវិនិយោគដែលមានតម្លៃវិនិយោគសរុបចំនួន ៤៦៥ប៊ីលានបាត ដែលកើនឡើងបាន ៤៧% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនពាក្យស្នើសុំបានកើនឡើង ៣៣% ដែលឈានដល់ចំនួន ១.៣៧៥គម្រោង៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា