លោក ហ្សេលេនស្គី បារម្ភថាលោកខាងលិចនឹងមិនសូវយកចិត្តទុកដាក់ចំពោះអ៊ុយក្រែនទៀត ចំពេលដែលកំពុងមានវិបត្តិនៅមជ្ឈិមបូព៌ា

0

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បារម្ភថា លោកខាងលិចអាចនឹងមិនសូវយកចិត្តទុកដាក់ចំពោះជម្លោះនៅអ៊ុយក្រែនបន្តទៀត ចំពេលដែលកំពុងមានការវាយប្រហារកាលពីពេលថ្មីៗនេះទៅលើអ៊ីស្រាអែលដោយក្រុមចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «សហគមន៍ពិភពលោកប្រហែលជាមិនសូវយកចិត្តទុកដាក់ចំពោះអ៊ុយក្រែនទៀតទេ»។

ទន្ទឹម​នឹង​នេះដែរ លោក​សង្ឃឹម​ថា​នឹង​នៅតែមានការបន្ត​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​អ៊ុយក្រែន​ក៏​បាន​អះអាង​ផងដែរ​ថា «ប្រសិនបើ​ជំនួយ​ដល់ទី​ក្រុង​គៀវ​ត្រូវបាន​បញ្ឈប់ នោះវានឹងក្លាយជាពេលរបស់ភាគី​រុស្ស៊ី»។

កាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីអ៊ីស្រាអែលបានរងការបាញ់ផ្លោងចេញពីតំបន់ហ្គាហ្សាស្ទ្រីប ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានជ្រៀតចូលរដ្ឋជ្វីហ្វ។ ក្រុមហាម៉ាស់បានហៅការវាយប្រហាររបស់ខ្លួនថាជាការឆ្លើយតបចំពោះសកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅក្នុងទីក្រុងហ្សេរុយសាឡឹម។ ប្រទេសអ៊ីស្រាអែល​បាន​ប្រកាស​ថា ​ខ្លួន​បាន​ត្រៀម​ខ្លួនរួ​ចជា​ស្រេច​សម្រាប់​សង្គ្រាម ដោយចាប់​ផ្តើម​ប្រតិបត្តិការ​ដាវ​ដែក និង​បាន​បញ្ជា​ឱ្យ​ឡោម​ព័ទ្ធតំបន់​ហ្គាហ្សា​ស្ទ្រីប។ ការ​ប៉ះ​ទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​តំបន់វេសប៊ែង ហើយ​មាន​ការ​បាញ់​កាំភ្លើង​ធំ​នៅតំបន់​ព្រំដែន​ជាមួយ​ប្រទេស​លីបង់៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា