ការធ្វើសមាហរណកម្មតំបន់អឺរ៉ាស៊ី ផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងអស់ រួមទាំងកៀហ្ស៊ីស៊ីស្ថាន

0

បរទេស៖ សមាជិកភាពនៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) កំពុងនាំមកនូវភាគលាភដល់ប្រទេសទាំងអស់ ដែលរួមមានទាំងប្រទេសកៀហ្ស៊ីស៊ីស្ថានផងដែរ។ នេះបើយោងតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយរបស់លោកទៅកាន់អ្នកចូលរួមនៅក្នុងសន្និសីទអន្តរតំបន់រុស្ស៊ី-កៀហ្ស៊ីស៊ីស្ថាន លើកទី១០។

មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា «ការធ្វើសមាហរណកម្មអឺរ៉ាស៊ីនឹងនាំមកនូវផលប្រយោជន៍ដែលមិនអាចប្រកែកបានចំពោះរដ្ឋដែលចូលរួមទាំងអស់ ហើយជាការពិតណាស់ ផលប្រយោជន៍នោះក៏មានចំពោះប្រទេសកៀហ្ស៊ីស៊ីស្ថានផងដែរ»។ លោកបានកត់សម្គាល់ថា ការចូលជាសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានកាលពី ៨ឆ្នាំមុន បានជួយសម្រួលដល់កំណើននៃពាណិជ្ជកម្មអន្តរតំបន់ និងអន្តរកម្មឧស្សាហកម្មរបស់ប្រទេសនេះជាមួយរុស្ស៊ី។

លោក ពូទីន បានសង្កត់ធ្ងន់ថា GDP របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងផលិតកម្មឧស្សាហកម្មរបស់ខ្លួនបានកើនឡើង ២,៣ដង ហើយការនាំចេញបានកើនឡើងទ្វេដងក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ។

ប្រមុខរដ្ឋរូបនេះបាននិយាយថា «ធនាគារអភិវឌ្ឍន៍អឺរ៉ាស៊ី ដែលបានវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងតំបន់ ដូចជាការកសាងទំនប់ Toktogul ឡើងវិញ និងផ្លូវល្បឿនលឿន Bishkek-Osh កំពុងទាក់ទាញធនធានវិនិយោគយ៉ាងសកម្មទៅកាន់ប្រទេសមួយនោះ។ មូលនិធិអឺរ៉ាស៊ីសម្រាប់ស្ថិរភាព និងការអភិវឌ្ឍ កំពុងផ្តល់មូលនិធិដល់ការជួសជុលបច្ចេកវិទ្យានៃរោងចក្រវារីអគ្គិសនី Kambar-Ata-2 ដែលជាប្រព័ន្ធប្រើប្រាស់ទឹកនៅក្នុងតំបន់ Osh»៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា