អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងចិន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ

0

បរទេស៖ កិច្ចប្រជុំទ្វេភាគីលើកទី៦ រវាងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) និងប្រទេសជប៉ុន និងចិនបានប្រព្រឹត្តទៅនៅទីក្រុងហាឡុងនៃខេត្តគ័ងនីញ ភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែតុលា។

កិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការ ACDM បូកជប៉ុន ត្រូវបានធ្វើឡើងក្រោមការដឹកនាំជាសហប្រធានដោយលោក ផាម ឌុកលួន ប្រធានគណៈកម្មាធិការ ACDM និងជាអគ្គនាយកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹករបស់ប្រទេសវៀតណាម និងលោក មូរ៉ាកាមី តាកេអូ នាយកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយនៃគណៈរដ្ឋមន្រ្តីជប៉ុន។

ថ្លែងមតិអំពីការគាំទ្ររបស់ប្រទេសជប៉ុនចំពោះសកម្មភាពរបស់គណៈក​ម្មាធិការ ACDM ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអង្គភាពសាធារណៈ និងឯកជនរបស់អាស៊ាន និងជប៉ុនក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនោះ លោក លួន បានសង្កត់ធ្ងន់ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការ ACDM បូកជប៉ុន គឺជាឱកាសដ៏មានតម្លៃសម្រាប់ភាគីទាំងពីរក្នុងការវាយតម្លៃអំពីផែនការការងាររបស់គណៈកម្មាធិការ ACDM បូកជប៉ុន ខណៈដែលមានការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។

បញ្ហាជាច្រើនត្រូវបានដាក់នៅលើតុក្នុងកិច្ចប្រជុំនោះ ដែលរួមមានទាំងផែនការការងារអាស៊ាន-ជប៉ុន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិក្នុងកំឡុងឆ្នាំ២០២១-២០២៥ ការពង្រឹងសមត្ថភាពដើម្បីបង្រួបបង្រួមទិន្នន័យគ្រោះមហន្តរាយធម្មជាតិ និងគ្រប់គ្រងព័ត៌មាន ព្រមទាំងការគាំទ្រសម្រាប់គម្រោងក្រុមការងារឆ្លើយតប និងវាយតម្លៃគ្រោះអាសន្នអាស៊ាន (ASEAN – ERAT)។ អនុស្សរណៈនៃការតាំងចិត្តរវាងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ទៅលើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ក៏ត្រូវបានពិភាក្សាផងដែរ ដូចជាមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី និងមជ្ឈមណ្ឌល AHA និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។

ពួកគេក៏បានធ្វើការងារទៅលើខ្លឹមសារក្នុងការរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ជប៉ុនលើកទី៣ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែតុលានេះផងដែរ។

ទន្ទឹមនឹងនេះដែរ កិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការ ACDM បូកចិន ត្រូវបានដឹកនាំជាសហប្រធានដោយលោក លួន និងលោក យីន មីងយូ អនុប្រធាននាយកដ្ឋាននៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជួយសង្គ្រោះ នៃក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន។

នៅក្នុងព្រឹត្តិការណ៍នោះ លោក លួន បាននិយាយថា លោកបានទទួលស្គាល់ចំពោះការរួមចំណែករបស់សមត្ថភាពភាគីទាំងពីរក្នុងការអនុវត្តផែនការការងារអាស៊ាន-ចិនឆ្នាំ២០២៣ ដោយលោកបានពណ៌នាថា វាជាឆ្អឹងខ្នងសម្រាប់ភាពជាដៃគូអាស៊ាន-ចិនក្នុងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។

លោក​បាន​ស្នើឱ្យ​ភាគី​ទាំង​ពីរ​ខិតខំ​ប្រឹងប្រែងបន្ថែម​ទៀត​ដើម្បី​ជំរុញ​ផែនការ​ការងារ។

យន្តការគណៈកម្មាធិការ ACDM បូកចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ បានតម្រង់ទិស និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ដោយធ្វើការរួមចំណែកក្នុងការកសាងតំបន់ដែលមានភាពធន់ទៅនឹងការគំរាមកំហែងជាសកល ដូចជាការប្រែប្រួលអាកាសធាតុក្នុងទម្រង់ដ៏ទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុនជាដើម។

អ្នកចូលរួមក្នុងកិច្ចប្រជុំនោះ បានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលរួមមានការធ្វើបច្ចុប្បន្នភាពស្តីពីការអនុវត្តផែនការការងារអាស៊ាន-ចិនស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិនសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រាអាសន្ន និងកិច្ចព្រមព្រៀងស្តីពីគម្រោងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិអាស៊ាន-ចិន៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា