យុវជនទំនើងពីរក្រុមប្រើប្រាស់កាំបិត និងដំបងកាប់គ្នាទៅវិញទៅមកបណ្តាលអោយរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ពុធ ១២​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០​និង​២៥​នាទី នៅ​ចំណុច​ភូមិ​គ្រួ​ស​ក្រហម ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​ង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​រំដួល និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពេជ្រ​ចិន្តា នៃ​អធិការដ្ឋាន​ស្រុក​ភ្នំព្រឹក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហេង បារាំង ជា​អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក បាន​ចុះ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើប្រាស់​កាំបិតប៉័ងតោ​និង​ដំបង​) និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​វាយ​ម៉ូតូ​) មួយ​កើតឡើង ដែល​មាន​គ្នា​ពីរ​ក្រុម​វាយ​និង​កាប់​គ្នា​ទៅ​វិញ​ទៅ​មក​។

សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​ក្រុម មាន​គ្នា​ចំនួន ០៦​នាក់​៖
១.​ឈ្មោះ ហេង បូ​រិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កម្មករ
២.​ឈ្មោះ ហេង បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៤ ឆ្នាំ មុខរបរ កម្មករ
៣.​ឈ្មោះ ជួន ច​ន្ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ កសិករ (​រង​បួស​ដាច់​រយះ​ក្បាល​ខាងក្រោយ​ចំនួន ០៦​ថ្នេរ និង​ដាច់​រលាត់ស្បែក​ខ្នង​)
៤.​ឈ្មោះ មីន ស្រី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ កសិករ
៥.​ឈ្មោះ ជួន សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កសិករ អ្នក​ទាំង​០៥​នាក់​ខាងលើ រស់នៅ​ភូមិ​អន្លង់​មៀន ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ៦.​ឈ្មោះ​ស៊ឹ​ម សុ​ខី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​ដី​ល្អ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង
៧.​ឈ្មោះ វឿ​ន វ៉ា​ន​សាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គ្រួ​ស​ក្រហម ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មក​កាន់​អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ដើម្បី​សាកសួរ​។

ក្រោយ​សាកសួរ​រួចរាល់ ជនសង្ស័យ​ទាំង​ពីរ​ក្រុម​បាន​ធ្វើ​សកម្មភាព​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រើប្រាស់​កាំបិតប៉័ងតោ និង​ដំបង​កំណាត់​ឬ​ស្សី បណ្តាល​អោយ​រង​របួស​ទាំង​សងខាង និង​ធ្វើ​ឲ្យ​ឈ្មោះ ជួន ច​ន្ថា ភេទ​ប្រុស អាយុ​៣១ ឆ្នាំ រង​បួស​ត្រង់​ក្បាល​ផ្នែក​ខាងក្រោយ​បែក​ឈាម និង​ឈ្មោះ វឿ​ន វ៉ា​ន់​សាក់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រង​របួសធ្ងន់ និង​ខូចខាត​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-7554 (​បែក​កាទែ​ម៉ាស៊ីន តាប​ឡូ និង បែកក្បាល​ម៉ូតូ​) ហើយ​ត្រូវ​បាន​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ស្រុក​សំពៅ​លូន​។ វត្ថុ​តាង​ដកហូត​បាន​រួម​មាន​៖
-​កាំបិតប៉័ងតោ​ប្រវែង ៣៤​សង់ទីម៉ែត្រ ចំនួន ០១​ដើម
-​កំណាត់​ឬ​ស្សី​ប្រវែង ១០៥​សង់ទីម៉ែត្រ ទំហំ ២៤ សង់ទីម៉ែត្រ ចំនួន ០១​ដើម
-​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD-7554 (​បែក​កាទែ​ម៉ាស៊ីន​តាប​ឡូ និង​បែកក្បាល​ម៉ូតូ​) ។

ករណី​នេះ ជនសង្ស័យ​ទាំង​០៦​នាក់ ខាងលើ​ត្រូវ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ