បរទេស៖ យោងតាមក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ឱនភាពថវិការដ្ឋរបស់វៀតណាម ត្រូវបានប៉ាន់ ប្រមាណថា មានចំនួន ១៦,៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ស្មើ ៤ ភាគរយនៃផលិតផលក្នុង ស្រុកសរុប(GDP)របស់ខ្លួនដែលទាបជាងកម្រិត៤,៤២ភាគរយ ដែលបានប៉ាន់ស្មានដោយក្រសួងនៅដើម ឆ្នាំនេះ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងរបាយការណ៍ដែលបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាថា ភាពលំបាកពីទីផ្សារអចលនទ្រព្យ និងធនាគារបានបន្សល់ទុកនូវផលប៉ះពាល់មិនអំណោយផល ដល់ សមតុល្យថវិការដ្ឋក្នុងឆ្នាំនេះ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការនាំចូល-នាំចេញ និងការវិនិយោគ ពីបរទេស ដែលជាកត្តាជំរុញកំណើនដ៏សំខាន់នៃសេដ្ឋកិច្ច រហូតមកដល់ពេលនេះ គឺថយចុះបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅចុងឆ្នាំនេះ បំណុលសាធារណៈត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៣៩-៤០ ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈដែលបំណុលរបស់រដ្ឋាភិបាលត្រូវបានកំណត់ដល់ ៣៦-៣៧ ភាគរយ ហើយបំណុលបរទេសរបស់ប្រទេសនេះអាចនឹងឡើងដល់ ៣៧-៣៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ វៀតណាមបានប្រកាសប្រាក់ចំណូលថវិកាជាង១,២២៣ ពាន់ពាន់លានដុង វៀតណាម (៥០,១ ពាន់លានដុល្លារ) ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ដែលជាការថយចុះប្រចាំឆ្នាំ ៨,៣ភាគរយ៕
ប្រភព៖ ក្រសួងព័ត៌មាន