បរទេស៖ មន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីរំពឹងថា នឹងចុះហត្ថលេខាលើប្រាក់កម្ចី ដែល ពន្យាពេលជាយូរមកហើយចំនួន ៥៦០ លានដុល្លារអាមេរិកជាមួយប្រទេសចិនក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ (BRF) នៅទីក្រុងប៉េកាំងសប្តាហ៍ក្រោយនេះ ដែលទឹកប្រាក់នេះនឹងគ្របដណ្តប់លើការចំណាយដែល កើនឡើងសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនទីមួយរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
តាមរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា កាលពីដើមខែនេះ បានចាប់ផ្តើមដំណើរការ ផ្លូវដែកតម្លៃ ៧,៣ ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់ពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងបានឌុង (Bandung)។ គម្រោងផ្លូវដែកដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនភាពជាដៃគូមួយ ដែលបង្កើតឡើង ក្រោយក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី និងក្រុមហ៊ុនរដ្ឋរបស់ចិន ប្រើប្រាស់ថវិកាចំនួន ១,២ ពាន់លានដុល្លារ អាមេរិក។
លោក Kartika Wirjoatmodjo អនុរដ្ឋមន្ត្រីក្រសួងសហគ្រាសរដ្ឋឥណ្ឌូនេស៊ី បានថ្លែងទៅកាន់ ក្រុមអ្នកយកព័ត៌មាននៅពេលសួរអំពីស្ថានភាពប្រាក់កម្ចីនេះថា ការចុះហត្ថលេខានេះអាចធ្វើឡើង ក្នុងអំឡុងវេទិកា BRF នៅពេលដែលលោកប្រធានាធីបតី Widodo និងប្រធានាធិបតីចិន Xi Jinping ត្រូវបានរំពឹងថានឹងសម្ពោធដាក់ឱ្យដំណើរការប្រតិបត្តិការជាលក្ខណៈពាណិជ្ជកម្មរបស់រថភ្លើងល្បឿនលឿននេះតាមអនឡាញ៕
ប្រភព៖ ក្រសួងព័ត៌មាន