បរទេស៖ ក្រសួងសន្តិសុខសាធារណៈបានប្រកាសកាលពីថ្ងៃអង្គារថា ប៉ូលិសចិនទូទាំងប្រទេសបានដោះស្រាយករណីឧក្រិដ្ឋកម្មចំនួន ៥៦៦.០០០ករណី ក្នុងអំឡុងពេលនៃយុទ្ធនាការពង្រឹងសន្តិសុខរយៈពេល ៣ខែ ដែលដំណើរការចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា។
ប៉ូលិសចិនបានដោះស្រាយករណីចំនួន ២៥.០០០ករណីដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិរបស់ក្រុមងាយរងគ្រោះ ៦.៨៦១ករណីទាក់ទងនឹងល្បែងអនឡាញ និង ៧១៩.០០០ករណីនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងក្នុងអំឡុងពេលប្រតិបត្តិការរដូវក្តៅ។
ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងនឹងករណីបោកប្រាស់តាមប្រព័ន្ធអនឡាញ ជនសង្ស័យចំនួន ១៧.០០០នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសន្តិសុខសាធារណៈចិន។
ឆ្លើយតបទៅនឹងករណីបោកប្រាស់តាមប្រព័ន្ធអនឡាញដែលផ្តោតទៅលើពលរដ្ឋចិននៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប៉ូលិសនៅក្នុងខេត្តយ៉ុនណាននៅភាគនិរតីនៃប្រទេសចិន បានសហការជាមួយអាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់ក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្កើនវិធានការសន្តិសុខតាមព្រំដែន។ ជនឆបោកសរុបចំនួន ២.៣១៧នាក់ត្រូវបានប្រគល់ជូនទៅប្រទេសចិន។
ក្នុងអំឡុងពេលយុទ្ធនាការនោះ ប៉ូលិសចិនក៏បានបង្ក្រាបសកម្មភាពលួចលក់សំបុត្រខុសច្បាប់ និងបានចាត់វិធានការបិទចំពោះអ្នកលក់សំបុត្រអនឡាញដែលមិនមានការអនុញ្ញាតជាង ៣០០នាក់ផងដែរ៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា