ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជា មួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣នេះ ពោល គឺមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ២ថ្ងៃ បានអញ្ជើញជូនដំណើរ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឡើងជិះរថយន្តក្រុង ទៅស្រុកកំណើតតាមខេត្តក្រុងនានា នៅទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយដឹកជញ្ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ រយៈពេល០៥ថ្ងៃ មិនបង់ប្រាក់ ដោយចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយក្នុងនោះ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ មេត្តារក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ។ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា