ជនជាតិកូរ៉េជាង ១៩០នាក់ នឹងវិលត្រឡប់ពីអ៊ីស្រាអែលវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ

0

បរទេស៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះដឹកអ្នកដំណើររបស់កូរ៉េខាងត្បូងមួយគ្រឿងដែលដឹកពលរដ្ឋកូរ៉េខាងត្បូងរាប់សិបនាក់ គ្រោងនឹងត្រឡប់ពីប្រទេសអ៊ីស្រាអែលទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ បន្ទាប់​ពី​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​រវាង​អ៊ីស្រាអែល និង​ក្រុម​អ៊ីស្លាម​ប៉ាឡេស្ទីន​ហាម៉ាស់។

ជើងហោះហើរកូរ៉េអ៊ែរ ដែលដឹកជនជាតិកូរ៉េខាងត្បូងចំនួន ១៩១នាក់ ត្រូវបានគេរំពឹងថានឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិអ៊ីនឈុននៅភាគខាងលិចនៃទីក្រុងសេអ៊ូលនៅវេលាម៉ោងប្រហែល ៦:១០នាទីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីហោះចេញពីទីក្រុងតែល អាវីវ នៅវេលាម៉ោង ១:៤៥នាទីរសៀលកាលពីថ្ងៃអង្គារ (ម៉ោងក្នុងស្រុក)។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន បាននិយាយក្នុងអំឡុងពេលធ្វើសវនកម្មសភានៅរដ្ឋសភាថា រហូតមកដល់ពេលនេះ មិនទាន់មានអ្នកស្លាប់ និងរបួសណាមួយត្រូវបានរាយការណ៍ក្នុងចំណោមជនជាតិកូរ៉េខាងត្បូងនោះទេ។

លោក ផាក បាននិយាយថា «មិនមានការខូចខាតណាមួយត្រូវបានរាយការណ៍ទៅកាន់បេសកកម្មការទូតរបស់យើងទេ។ យើងកំពុងចាត់វិធានការដើម្បីឱ្យភ្ញៀវទេសចរដែលទៅទស្សនារយៈពេលខ្លីអាចត្រឡប់មកផ្ទះវិញតាមជើងហោះហើរត្រង់ (ពីទីក្រុងតែល អាវីវ ទៅកាន់ទីក្រុងអ៊ីនឈុន»។

លោក លីម សូស៊ុក អ្នកនាំពាក្យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំមួយថា «បេសកកម្មការទូតរបស់យើងនៅក្នុងតំបន់កំពុងរក្សាទំនាក់ទំនងគ្រប់ពេលវេលាជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យសុវត្ថិភាពរបស់ពួកគេ» ។

យោងតាមក្រសួងនោះបានឱ្យដឹងថា ប្រជាជនកូរ៉េខាងត្បូងសរុបចំនួន​ ៥៧០នាក់ ត្រូវបានប៉ាន់ប្រមាណថា កំពុងរស់នៅ ឬស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល បន្ថែមពីលើអ្នកធ្វើដំណើរទៅទស្សនានៅក្នុងប្រទេសនោះចំនួន ៤៨០នាក់ផ្សេងទៀត៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា