បរទេស៖ ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃអង្គារថា តម្លៃពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបានកើនឡើង ៨% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ។ យោងតាមទិន្នន័យបានឱ្យដឹងថា តម្លៃពាណិជ្ជកម្មសេវាកម្មបានឈានដល់ ៤,២៥ទ្រីលានយ័ន (ប្រហែល ៥៩២,១ប៊ីលានដុល្លារអាម៉េរិក)។
ការនាំចូលសេវាកម្មបានកើនឡើង ២២,៥% ពីមួយឆ្នាំទៅមួយឆ្នាំដែលឈានដល់តម្លៃ ២,៤៨៦ទ្រីលានយ័ន ខណៈដែលការនាំចេញសេវាកម្មបានធ្លាក់ចុះ ៧,៤% បើធៀបនឹងឆ្នាំមុនដែលធ្លាក់មកនៅត្រឹមតម្លៃ ១,៧៦៧ទ្រីលានយ័ន ដែលបណ្តាលឱ្យមានឱនភាពចំនួន ៧១៨,៧៥ប៊ីលានយ័នក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ។
ពាណិជ្ជកម្មនៃសេវាកម្មដែលពឹងផ្អែកលើចំណេះដឹងរបស់ប្រទេសចិនរក្សាបាននូវកំណើនជាលំដាប់ក្នុងមួយរយៈពេលនោះ ដែលបានកើនឡើង ១០,៤% ពីមួយឆ្នាំទៅមួយឆ្នាំដល់តម្លៃប្រហែល ១,៨១ទ្រីលានយ័ន។ តួលេខនេះតំណាងឱ្យ ៤២,៦% នៃពាណិជ្ជកម្មសេវាកម្មសរុបក្នុងរយៈពេល ៨ខែដំបូង ដែលបានកើនឡើង ០,៩% ធៀបទៅនឹងឆ្នាំមុន។
ក្នុងអំឡុងពេលនោះ សេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍បានចុះបញ្ជីនូវការងើបឡើងវិញគួរឱ្យកត់សម្គាល់។ តម្លៃពាណិជ្ជកម្មសរុបនៅក្នុងវិស័យនេះបានកើនឡើង ៦៩,៥% បើធៀបទៅនឹងឆ្នាំមុនដែលមានតម្លៃ ៩១៩,៩៩ប៊ីលានយ័ន។ យោងតាមទិន្នន័យនោះបានឱ្យដឹងថា ការនាំចេញ និងការនាំចូលសេវាកម្មធ្វើដំណើរបានកើនឡើង ៥៤,៩% និង ៧០,៧% ពីមួយឆ្នាំទៅមួយឆ្នាំរៀងៗគ្នា៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា