បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា ប្រទេសចិនមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតជនស៊ីវិលដែលបណ្តាលមកពីជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ហើយបានប្រឆាំង និងថ្កោលទោសចំពោះទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនោះ។
លោកស្រី ម៉ៅ បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយដើម្បីឆ្លើយតបទៅនឹងជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរទៅលើភាគីទាំងសងខាង។
លោកស្រី ម៉ៅ បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលកាលពីពេលថ្មីៗនេះ ហើយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតជនស៊ីវិលដែលបណ្តាលមកពីជម្លោះនេះ។ ប្រទេសចិនបានប្រឆាំង និងថ្កោលទោសនូវទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។
លោកស្រីបាននិយាយថា ប្រទេសចិនប្រឆាំងនឹងសកម្មភាពដែលពង្រីកជម្លោះ និងធ្វើឱ្យខូចខាតដល់ស្ថិរភាពក្នុងតំបន់ ហើយលោកស្រីសង្ឃឹមថានឹងឃើញបទឈប់បាញ់ដំបូង និងការស្ដារសន្តិភាពឡើងវិញ។ សហគមន៍អន្តរជាតិគួរតែដើរតួនាទីរបស់ខ្លួនដោយស្មោះត្រង់ និងសហការគ្នាដើម្បីធ្វើឱ្យស្ថានការណ៍ចុះត្រជាក់។
លោកស្រី ម៉ៅ បានស្នើឡើងថា ផ្លូវដែលចេញពីជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល គឺស្ថិតនៅក្នុងកិច្ចបន្តចរចាសន្តិភាព ការអនុវត្តដំណោះស្រាយរដ្ឋទាំងពីរ និងការដោះស្រាយយ៉ាងទូលំទូលាយ និងត្រឹមត្រូវនៃបញ្ហាប៉ាឡេស្ទីន ដែលធានាបាននូវកង្វល់ស្របច្បាប់របស់ភាគីទាំងអស់ តាមរយៈមធ្យោបាយនយោបាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកស្រី ម៉ៅ បាននិយាយបន្ថែមថា ប្រទេសចិននឹងបន្តធ្វើការងារដោយឥតឈប់ឈរជាមួយសហគមន៍អន្តរជាតិឆ្ពោះទៅរកការបញ្ចប់នៃជម្លោះនោះ៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា