បរទេស៖ ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ លោក អ៊ីស្ម៊ែល ហានីយេហ៍ បាននិយាយថា ចលនារបស់ជនជាតិប៉ាឡេស្ទីននៃក្រុមហាម៉ាស់ បានជូនដំណឹងដល់ភាគីដែលមានការចាប់អារម្មណ៍ទាំងអស់ថា ខ្លួនមិនមានគម្រោងចូលរួមក្នុងកិច្ចពិភាក្សាអំពីជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែលរបស់ខ្លួនឡើយ ដរាបណាការប្រយុទ្ធនៅតែបន្ត។
លោកបានកត់សម្គាល់ដែលត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ អាល់ ហាដាដ ថា «យើងបានជូនដំណឹងដល់ភាគីទាំងអស់ថា ករណីចាប់ជនជាតិអ៊ីស្រាអែលរបស់យើងនឹងមិនត្រូវបានបើកនោះទេ រហូតដល់ការប្រយុទ្ធត្រូវបានបញ្ចប់»។
យោងតាមលោក ហានីយេហ៍ បានឱ្យដឹងថា ប្រតិបត្តិការដែលក្រុមអ្នកប្រយុទ្ធរ៉ាឌីកាល់កំពុងធ្វើនៅអ៊ីស្រាអែល គឺជាការប្រយុទ្ធរបស់ជនជាតិប៉ាឡេស្ទីន ទាំងនៅក្នុងលក្ខខណ្ឌនៃការសម្រេចចិត្តអំពីប្រតិបត្តិការ និងការអនុវត្តប្រតិបត្តិការនោះ។
លោក មូសា អាប៊ូ ម៉ាហ្ស៊ូក មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បានប្រកាសពីការចាប់ខ្លួនចំណាប់ខ្មាំងយ៉ាងហោចណាស់ ១០០នាក់បន្ថែមទៀត ដែលរួមមានទាំងទាហានអ៊ីស្រាអែល ដែលជាមន្ត្រីជាន់ខ្ពស់ រួមជាមួយនឹងជនស៊ីវិល។ មុននោះមិនយូរប៉ុន្មាន អគ្គលេខាធិការក្រុមជីហាតអ៊ីស្លាម លោក ហ្ស៊ីយ៉ាដ អាល់-ណាខាឡាហ៍ បានអះអាងថា ពលរដ្ឋអ៊ីស្រាអែលជាង ៣០នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់មួយនៅជាប់ព្រំដែនតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមរូបលោកបានឱ្យដឹងថា មានសមាជិកយោធាអ៊ីស្រាអែល និងជាតិយូដាក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា