ក្រុមហាម៉ាស់ព្រមានថានឹងសម្លាប់ចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែលវាយប្រហារទៅលើអគារលំនៅដ្ឋាន

0

បរទេស៖ ចលនារ៉ាឌីកាល់ប៉ាឡេស្ទីន ក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានព្រមានថា ខ្លួននឹងសម្លាប់ជនជាតិអ៊ីស្រាអែលដែលត្រូវបានចាប់ជាចំណាប់ខ្មាំងក្នុងអំឡុងពេលវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែលនៅជិតតំបន់ហ្គាហ្សា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស់ដែលត្រូវបានដកស្រង់ដោយប៉ុស្តិ៍ទូរទស្សន៍ អាល់-ហាដាដ។

ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា «ការប្រហារជីវិតចំណាប់ខ្មាំងអ៊ីស្រាអែលនឹងក្លាយជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែលទៅលើអគារលំនៅដ្ឋាន និងកន្លែងជនស៊ីវិល»។

ប៉ុស្តិ៍ទូរទស្សន៍នោះបាននិយាយថា ក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីនបានគំរាមធ្វើវីដេអូនៃការប្រហារជីវិតជនជាតិអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួន ហើយនឹងបង្ហោះវាទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។

អ៊ីស្រាអែលបានរងការវាយប្រហារដោយគ្រាប់មីស៊ីលពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកថ្ងៃទី៧ ខែតុលា។ ក្នុងពេលដំណាលគ្នានោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាច្រើនក្រុមមកពីចលនាហាម៉ាស់បានជ្រៀតចូលរដ្ឋជ្វីហ្វ ដោយចូលរួមក្នុងការប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសពីស្ថានភាពត្រៀមខ្លួនសម្រាប់សង្គ្រាម និងបានចាប់ផ្តើមប្រតិបត្តិការដាវដែកជាការសងសឹក។ ប្រមុខរដ្ឋាភិបាលនៃក្រុមហាម៉ាស់ លោក អ៊ីស្ម៊ែល ហានីយេហ៍ បានពណ៌នាអំពីប្រតិបត្តិការរបស់ប៉ាឡេស្ទីនថា វាជាការឆ្លើយតបចំពោះសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាក់សា ក្នុងទីក្រុងហ្សេរុយសាឡឹម៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា