ឥណ្ឌូណេស៊ី​នឹង​បង្កើន​ការ​នាំ​ចូល​ស្បៀងអាហារ

0

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបង្កើនការនាំចូលជាដំណោះស្រាយមួយដើម្បីទប់ស្កាត់ការឡើងថ្លៃម្ហូបអាហារ ជាពិសេសពោត ស្ករ និងអង្ករ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ហ្ស៊ុលគីហ្វលី ហាសាន់ បាននិយាយថា តម្លៃស្ករ និងពោតកំពុងកើនឡើងជាលំដាប់ ដោយសារស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ន ដូចជាបញ្ហាជម្លោះ និងបាតុភូតអាកាសធាតុអ៊ែលនីណូជាដើម។

លោក​បាននិយាយបន្ថែម​ថា ប្រទេសឥណ្ឌូណេស៊ី​នឹង​នាំ​ចូល​ពោត​ចំនួន ២៥០.០០០​តោន​សម្រាប់​ឧស្សាហកម្ម​ចំណី​សត្វ។ ទន្ទឹម​នឹង​នេះ​ដែរ ប្រទេសនេះក៏​នឹង​រង់ចាំឱ្យ​តម្លៃ​ធ្លាក់​ចុះ​មុន​នឹង​សម្រេច​ចិត្ត​នាំ​ចូល​ស្ករផងដែរ។

លោក​បាន​និយាយថា ​ក្រុមហ៊ុន​នាំ​ចូល​ស្ករ គ្រាន់តែ​ចុះ​បញ្ជី​នាំ​ចូល​ប្រមាណ ​៣០%​ នៃ​កូតា​នាំចូល​ស្ករស​សរុបប៉ុណ្ណោះ។

បើ​យោងតាម​លោក​រដ្ឋមន្ត្រីបានឱ្យដឹងថា រដ្ឋាភិបាល​ក៏​កំពុង​សហការ​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​ការ​ទិញ​អង្ករដែរ​ប្រសិនបើមានការ​ចាំបាច់។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងនាំចូលអង្ករបន្ថែមចំនួន ១,៥លានតោន ដើម្បីបង្កើនទុនបម្រុងអង្ករជាតិរបស់ខ្លួន ដែលមានត្រឹមតែ ១,៧លានតោនប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៦ ខែតុលា៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា