ឥណ្ឌូណេស៊ី​អំពាវនាវ​ដល់បណ្តា​រដ្ឋដី​កោះ​ឱ្យ​រួបរួម​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​

0

បរទេស៖ នេះជាពេលវេលាបន្ទាន់មួយសម្រាប់បណ្តារដ្ឋប្រជុំកោះ និងរដ្ឋដីកោះ ដែលត្រូវរួបរួមគ្នាជាសាមគ្គីភាព និងធ្វើការងាររួមគ្នា ដោយធ្វើឱ្យវេទិការដ្ឋប្រជុំកោះ និងរដ្ឋដីកោះ (AIS Forum) ក្លាយជា «បង្គោលភ្លើងហ្វារ» សម្រាប់បង្កើតកិច្ចសហប្រតិបត្តិប្រកបដោយបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជាសកល។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោកស្រី រេតណូ ម៉ាស៊ូឌី បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ខែ​តុលាម្សិលមិញ។

ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៥ នៃវេទិកា AIS នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី លោកស្រីរដ្ឋមន្ត្រីបានកត់សម្គាល់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីតាមរយៈវេទិកានេះ គឺជាការចាំបាច់ណាស់ដើម្បីឆ្លើយតបទៅនឹងវិបត្តិផ្សេងៗ រួមទាំងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្រិតទឹកសមុទ្រ ការបំពុលសមុទ្រ និងការបាត់បង់ជីវចម្រុះ។

លោកស្រីបានសង្កត់ធ្ងន់ថា វេទិកានេះគួរតែអាចបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់វិស័យសំខាន់ៗចំនួន៤ ដែលរួមមានការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចពណ៌ខៀវ និងអេកូទេសចរណ៍ កម្ទេចកម្ទីប្លាស្ទិកសមុទ្រ និងឆ្នេរសមុទ្រ ព្រមទាំងអភិបាលកិច្ចសមុទ្រល្អ។

លោកស្រី ម៉ាស៊ូឌី បានសម្តែងក្តីសង្ឃឹមថា វេទិកា AIS នឹងចូលរួមយ៉ាងស៊ីជម្រៅជាមួយវេទិកាពាក់ព័ន្ធផ្សេងទៀតនៅទូទាំងតំបន់ ដើម្បីពង្រឹងអភិបាលកិច្ច និងឥទ្ធិពលរបស់វា។

ប្រទេសឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតខ្ពស់លើកទី១ នៃវេទិកា AIS នៅថ្ងៃទី១១ ខែតុលានេះ នៅទីក្រុងនូសាឌួ នៅលើកោះបាលី។

លោកស្រី ម៉ាស៊ូឌី បានវាយតម្លៃថា កិច្ចប្រជុំកម្រិតខ្ពស់នេះនឹងក្លាយជាចំណុចសំខាន់ដែលដាក់ជាមូលដ្ឋានគ្រឹះសម្រាប់ដំណោះស្រាយរួមគ្នានៃបញ្ហាប្រឈមជាសកល។

កិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​ដែល​លើក​ឡើង​ពី​ប្រធាន​បទ​នៃ​សេដ្ឋកិច្ច​ខៀវ មហាសមុទ្ររបស់យើង អនាគតរបស់យើង និងសាមគ្គីភាពនោះ នឹងមានការចូលរួមពីបណ្តាមេដឹកនាំមកពីប្រទេសចំនួន២៩ ក្នុងចំណោមប្រទេសជាសមាជិកសរុបចំនួន៥១ នៃវេទិកា AIS ព្រមទាំងអង្គការអន្តរជាតិចំនួន៤៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា